(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (AIA Cambodia) និងក្រុមហ៊ុនហ្រ្គេប (Grab) បានចុះកិច្ចព្រមព្រៀងលើការផ្តល់ជូនពិសេស សម្រាប់ដៃគូបើកបរ ហ្គ្រេប ដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន អេអាយអេ ខេមបូឌា ស្ថិតនៅអគារ EXCHANGE SQUARE នាពេលថ្មីៗនេះ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេអាយអេ ខេមបូឌា នឹងផ្តល់ជូនដំណោះស្រាយធានារ៉ាប់រង អាយុជីវិតលើគ្រោះថ្នាក់បុគ្គល (Personal Accident) ជាមួយនឹងតម្លៃដ៏សមរម្យ។ ដំណោះស្រាយនេះបង្កើតឡើង ជាពិសេសសម្រាប់ដៃគូបើកបរហ្រ្គេបទាំងអស់ ដើម្បីឲ្យពួកគាត់មានសន្តិភាពផ្លូវចិត្ត និងអារម្មណ៍ស្ងប់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ។ កិច្ចព្រមព្រៀងនេះផងដែរ ក៏គាំទ្រដល់បេសកកម្មរបស់ក្រុមហ៊ុន អេអាយអេ ខេមបូឌា ដើម្បីជួយប្រជាជនកម្ពុជាឲ្យកាន់តែមានសុខភាព និងជីវិតកាន់ប្រសើរ។

អគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន អេអាយអេ ខេមបូឌា លោកស្រី Pauline Teoh រួមនឹងថ្នាក់ដឹកនាំ បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ លោកស្រី Teoh បានពន្យល់ពីមូលហេតុនៃភាពជាដៃគូនេះថា «អ្នកបើកបរហ្រ្គេបភាគច្រើន គឺជាមេគ្រួសារ និងជាអ្នករកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយពួកគាត់អាចមានគ្រោះអកុសលកើតឡើង នៅពេលបំពេញការងារប្រចាំថ្ងៃ។ ដូច្នេះវាចាំបាច់ណាស់ ដែលអ្នកបើកបរហ្រ្គេប និងក្រុមគ្រួសាររបស់គាត់ ទទួលបានការការពារហិរញ្ញវត្ថុនៅពេលដែលពួកគាត់ត្រូវការបំផុត។ យើងបានបង្កើតសេវាធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អ្នកបើកបរហ្រ្គេប និងក្រុមគ្រួសាររបស់ពួកគេ»

ហ្រ្កេប គឺជាក្រុមហ៊ុនកក់ការធ្វើដំណើរឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១៧។ សព្វថ្ងៃនេះ ហ្រ្កេបមានដៃគូបើកបរនៅជុំវិញប្រទេសកម្ពុជា ប្រមាណ ១០០០០នាក់ ។

កិច្ចព្រមព្រៀងលើការផ្តល់ជូនពិសេសនេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយលោកស្រី Pauline Teoh និងលោក ហាស៊ីម អាល់កាស នាយកគ្រប់គ្រងហ្រ្កបប្រចាំប្រទេសកម្ពុជា ក្រោមសាក្សីភាពថ្នាក់ដឹកនាំ និងក្រុមការងារ របស់ក្រុមហ៊ុនទាំងពីរ។

លោក ពុយ សុធី នាយកផ្នែកប្រតិបត្តិការក្រុមហ៊ុនហ្រ្គេប បានឲ្យដឹងថា «ពិតណាស់ សព្វថ្ងៃនេះហ្រ្គេប កំពុងផ្តល់ជូនកញ្ចប់ធានារ៉ាប់រងបុគ្គលជូនដៃគូបើកបររាប់លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការដឹកជញ្ចូន ឬដឹកអ្នកដំណើរជាមួយហ្រ្គេប ប៉ុន្តែពួកយើងបានដឹងច្បាស់ថា កញ្ចប់ធានារ៉ាប់រងបុគ្គលនេះ ពិតជាមិនគ្រប់គ្រាន់ទេ ដូច្នេះហើយកញ្ចប់ធានារ៉ាប់រងថ្មីនេះ នឹងធានាថាបងៗដែលជាដៃគូបើកបរហ្រ្គេប ទទួលបាននូវការធានាគ្រប់ពេលវេលាគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។ ហេតុដូចនេះហើយ បានជាពួកយើងមិនស្ទាក់ស្ទើរនោះទេ ក្នុងការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនធានារ៉ាប់រង ធំជាងគេបំផុត និងមានបទពិសោធន៍ជាង១០០ឆ្នាំ ដល់មនុស្សរាប់លានអ្នកលើពិភពលោក»