(បារ៉ែន)៖ ម្ចាស់ជើងឯកពាន់រង្វាន់ Formula One កីឡាករ Lewis Hamilton ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 ហើយនឹងខកខានការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Sakhir Grand Prix ដែលនឹងធ្វើឡើងនាពេលឆាប់ៗនេះ នៅប្រទេសបារ៉ែន, នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ។
កីឡាករ Hamilton ដែលទទួលបានជ័យជំនះ កាលពីថ្ងៃអាទិត្យ ក្នុងព្រឹត្តិការណ៍ Bahrain Grand Prix នោះ, មានរោគសញ្ញាស្រាល និងមានសុខភាពល្អ, នេះបើតាមក្រុមការងារ Mercedes របស់លោក បានឲ្យដឹងយ៉ាងដូច្នេះ។
អ្នករៀបចំព្រឹត្តិការណ៍ Formula One បានឲ្យដឹងថា «Lewis Hamilton បានធ្វើតេស្តចំនួន៣ដង កាលពីសប្តាហ៍មុន បានទទួលលទ្ធផលអវិជ្ជមានទាំង៣លើក, ដោយការធ្វើតេស្តលើកចុងក្រោយ បានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ នាទីលានប្រកួត Bahrain International Circuit នៃប្រទេសបារ៉ែន ដោយវាជាផ្នែកមួយ នៃកម្មវិធីធ្វើតេស្ត របស់ការប្រកួតស្តង់ដារ នាថ្ងៃចុងសប្តាហ៍នេះ »។
ប្រភពដដែលបានបញ្ជាក់ថា «យ៉ាងណាក្តី នាព្រឹកថ្ងៃចន្ទនេះ Lewis Hamilton បានភ្ញាក់ពីដំណេក ដោយមានរោគសញ្ញាស្រាល ហើយត្រូវបានគេធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19»។
កីឡាករវ័យ៣៥ឆ្នាំរូបនេះ កំពុងរស់នៅដាច់ដោយឡែកពីគេ ហើយធ្វើតាមការណែនាំរបស់មន្ត្រីសុខាភិបាល ខណៈកីឡាករបើករថយន្តជំនួស នឹងត្រូវប្រកាសនៅពេលក្រោយ៕