(អាមេរិក)៖ ក្រុមហ៊ុន Amazon.com Inc បានប្រកាសឱ្យដឹងថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់មុខងារ «ការស្គាល់សំឡេង ឬ Voice Recognition» សម្រាប់សេវាកម្ម Call-Center ខណៈដែលក្រុមហ៊ុនមួយនេះទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីសេវាកម្ម Cloud (AWS)។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
លោក Andy Jassy អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon បានថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុថា សេវាកម្ម Amazon Connect Voice ID នឹងប្រើប្រាស់មុខងារ Voice Recognition ដើម្បីឱ្យបុគ្គលិកដែលបម្រើការងារផ្នែក Call-Center ដឹងថា អតិថិជន មួយណាកំពុងខលមក ដោយមិនចាំបាច់សួរនាំនូវសំណួរច្រើន។
ចំណុចនេះវាមានន័យថា ក្រុមហ៊ុន Amazon នឹងធ្វើការកំណត់អត្តសញ្ញាណរបស់អតិថិជនដោយស្វ័យប្រវត្តិ ឬត្រូវការសូមសិទ្ធិដោយផ្ទាល់ ដើម្បី ដាក់ចូលទៅក្នុងសេវាកម្ម Voice Recognition។
លោក Andy Jassy បានពន្យល់ថា មូលហេតុដែលសម្រេចចិត្តបង្កើតសេវាកម្ម Voice Recognition នេះឡើងគឺដើម្បីឱ្យបុគ្គលិកបម្រើការងារជា Call-Center មានភាពងាយស្រួល មិនចាំបាច់ចំណាយពេលវេលាច្រើន ក្នុងការសួរនាំពីព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ហើយចំណែកអតិថិជន ផ្ទាល់គឺគ្រាន់តែប្រាប់ពីគោលបំណងដែលខលមកជាការស្រេច៕