(ភ្នំពេញ)៖ សហព័ន្ធកីឡាជាតិជាច្រើន បានប្រកាសពន្យារពេលការប្រកួតថ្នាក់ជាតិជាបន្ដបន្ទាប់ ខណៈកីឡាខ្លះ ត្រូវបានពន្យារពេលជាលើកទី២ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍កីឡាជាច្រើន ដែលគ្រោងប្រកួតអំឡុងខែធ្នូនេះ ហើយត្រូវលើកពេល រួមមានការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ គ្រោងប្រកួតពីថ្ងៃទី០៥-០៧ ខែធ្នូ, ការប្រកួតកីឡាទី្រយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តកែប គ្រោងប្រកួតពីថ្ងៃទី០៤-០៦ ខែធ្នូ, ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តសៀមរាប គ្រោងប្រកួតពីថ្ងៃទី០៤-០៦ ខែធ្នូ។

ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីថ្ងៃទី០៥-០៦ ខែធ្នូ, ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីថ្ងៃទី០៨-១១ ខែធ្នូ, ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីថ្ងៃទី១២-១៣ ខែធ្នូ និងការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីទី១៤-១៨ ខែធ្នូ។

ចំណែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសផ្អាកការប្រកួតចំនួន ៤ព្រឹត្តិការណ៍ជាបណ្ដោះអាសន្នផងដែរ រួមមានការប្រកួតជម្រើសជើងឯកលីគទី២, ការប្រកួតជម្រើសជើងឯកលីគនារី, ការប្រកួតជម្រើសជាតិបាល់ទាត់ក្នុងសាលា ព្រមទាំងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ។ រីឯសហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងប្រកួតពានរង្វាន់កីឡាហែលទឹកតេជោ សែន លើកទី៦ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣-០៦ ខែធ្នូចុងសប្ដាហ៍នេះជាដើម។

ការប្រកួតខាងលើនេះ ត្រូវបានសហព័ន្ធកីឡាជាតិនីមួយៗ ប្រកាសពន្យាពេល រហូតមានការជូនដំណឹងជាថ្មី ។ តែបើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គ្រប់ការជួបជុំ ការហាត់ប្រាណ និងលេងកីឡាទាំងអស់ ត្រូវផ្អាករយៈពេល ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០១ ខែធ្នូតទៅ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលបង្កឲ្យមានការឆ្លងក្នុងសហគមន៍លើកដំបូង កាលពីពេលថ្មីៗ៕