(ភ្នំពេញ)៖ កីឡាករ ទីន រ៉ូហ្សា ដែលជាប្រធានក្រុម U21 ភ្នំពេញក្រោន បានរងរបួសសរសៃពួរជង្គង់ អំឡុងពេលប្រជែងយកបាល់ក្នុងជំនួបជាមួយខេត្តព្រៃវែង នៃសប្តាហ៍ទី៤ ក្នុងលីគលំដាប់ទី២ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ កាលសប្តាហ៍មុន។

កីឡាករដែលមានវ័យទើបតែ ១៩ឆ្នាំខាងលើនេះត្រូវបានផ្លាស់ប្តូរភ្លាមៗផងដែរនៅដើមវគ្គទី១ បន្ទាប់ពីទទួលរងរបួសជាទម្ងន់នោះ។

កន្លងមក រ៉ូហ្សា បានជួយ U21 ក្រោន គ្រងជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ បន្ទាប់ពីអវត្តមាន អស់រយៈពេល ១៣ខែដោយសាររបួសដាច់សរសៃពួរខាងមុខនៃជង្គង់ (ACL: Anterior Cruciate Ligament) ដែលបានកើតឡើងកាលពីខែមីនា អំឡុងពេលប្រកួតជាមួយវិសាខា ក្នុងពានរង្វាន់ KMH Cup U18 រដូវកាលឆ្នាំ២០១៩។

គួរបញ្ជាក់ថា បញ្ហារបួសសរសៃពួរជង្គង់ (MCL: Medial Collateral Ligament) របស់ ទីន រ៉ូហ្សា ដែលនឹងត្រូវសម្រាករយៈពេលយូរ និងត្រូវធ្វើការវះកាត់នាពេលខាងមុខទៀតដែរ៕