(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool របស់អង់គ្លេស និង FC Porto របស់ព័រទុយហ្គាល់បានឈ្នះកៅអីម្នាក់១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់ក្នុងប្រកួតទី៥ ជើងទី២ នៅរាត្រីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
Liverpool បានបន្ថែម ៣ពិន្ទុក្នុងដីនៅកីឡដ្ឋាន Anfield តាមរយៈយកឈ្នះគូប្រជែង Ajax របស់ហូឡង់ក្នុងលទ្ធផល ១-០ ដែលជាការធ្វើបានសម្រេចរបស់កីឡាករ Curtis Jones នៅនាទី៥៨ ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Neco Williams ដែលជាលទ្ធផលដូចគ្នាកាលពីជើងទី១ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល D នេះ។
៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យអតីតក្រុមជើងឯក UCL ឆ្នាំ២០១៩ បន្តឈរនៅកំពូលតារាងដាច់ជាមួយ ១២ពិន្ទុតាមពីក្រោយដោយ Atalanta របស់អ៉ីតាលីដែលមាន ៨ពិន្ទុ និង Ajax លេខ៣ មាន ៧ពិន្ទុ និង FC Midtjylland របស់ដាណឺម៉ាកឈរបាតតារាងមានត្រឹម ១ពិន្ទុហាលអាវមុនគេ។
Liverpool នៅសល់ ១ប្រកួតបង្រ្គប់កិច្ចបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល D ទល់នឹងម្ចាស់ផ្ទះ FC Midtjylland គ្រាដែល Atalanta ប៉ះម្ចាស់ផ្ទះ Ajax ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដូចគ្នា។
ដូចគ្នានោះដែរ FC Porto របស់ព័រទុយហ្គាល់ ក៏បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ បន្ទាប់ពីទប់បានស្មើ ០-០ ទល់នឹងក្រុមខ្លាំងកំពូលតារាង Manchester City ក្នុងប្រកួតទី៥ ជើងទី២ នារាត្រីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ នៅពេល នៅពេល Olymiacos បានចាញ់ម្ចាស់ផ្ទះ Marseille ២-១។ Porto មាន ១០ពិន្ទុឈរនៅលេខរៀងទី២ ប្រចាំពូល C ដោយនៅសល់ ១ប្រកួតក្នុងដៃទៀត៕