(ចិន)៖ រដ្ឋាភិបាលនៃប្រទេសចិន បានបង្ហាញពីគោលការណ៍នៃសេចក្ដីព្រាងច្បាប់ថ្មីមួយ ក្នុងការទប់ស្កាត់ ទៅលើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ អ្នកប្រើប្រាស់តាមរយៈ App នៅលើទូរស័ព្ទដៃ ខណៈដែលបទឧក្រិដ្ឋមួយនេះកំពុងតែផ្ទុះមានឡើងនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព៍ត៌មាន Reuter នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
ការិយាល័យទទួលបន្ទុកឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញរបស់ចិន បានសេចក្ដីព្រាងច្បាប់នេះ បន្ទាប់ពីបានរកឃើញថា មានកម្មវិធីប្រមាណជា ៣៨ ដែលសុទ្ធសឹងតែជាកម្មវិធីទិញទំនិញតាមអនឡាញ និង កម្មវិធីផ្ញើសារជជែកកម្សាន្ត បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់យកទៅចែករំលែក និងប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីសំណាក់សាមីខ្លួន។
មួយរយៈក្រោយនេះ រដ្ឋាភិបាលចិនបានបង្កើនការត្រួតពិនិត្យលើវិស័យបច្ចេកវិទ្យាយ៉ាងខ្លាំង និងបានចេញច្បាប់ ក៏ដូចជាសេចក្ដីព្រាងច្បាប់ជាច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា និងអនឡាញ។
សេចក្ដីព្រាងច្បាប់ថ្មីនេះ គឺពាក់ព័ន្ធនឹងការ ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជា ព័ត៌មានផ្ទាល់ខ្លួន លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉េល ទីតាំង លេខគណនីធនាគារ ជាដើម ដែលច្បាប់ថ្មីនេះផងដែរ នឹងត្រូវយកមកប្រកាសជាសាធារណៈនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ដើម្បីទទួលបាន លទ្ធផលឆ្លើយតបផ្សេងៗវិញ៕