(មូស្គូ)៖ កាលពីសម័យដើម ព្រះបរមរាជវាំងមូស្គូ គឺជាទីគង់ប្រថាប់របស់ព្រះចៅត្សាររុស្ស៉ីគ្រប់អង្គ ប៉ុន្តែក្រោយមក ព្រះរាជវាំងនេះក៏បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមបដិវត្តកុម្មុយនីស្ដ និងបានក្លាយជាទីស្ដីការគណៈរដ្ឋមន្ត្រីរុស្ស៉ីរហូតដល់ពេលបច្ចុប្បន្ន។

មានទីតាំងស្ថិតនៅចន្លោះភ្នំបូរ៉ូវីតស្គី (Borovitsky) និងទន្លេមូស្គូ ព្រះបរមរាជវាំងនេះត្រូវបានសាងសង់ឡើងនៅរវាងគ្រិស្ដសករាជ ១៨៣៧-១៨៤៩ ក្នុងរជ្ជកាលព្រះចៅនីកូឡាសទី១ (Tsar Nicholas I) ប៉ុន្តែទីតាំងបរមភូមិដដែលនេះក៏ធ្លាប់ជាព្រះរាជវាំងចាស់របស់ព្រះចៅត្សាររុស្ស៉ីរជ្ជកាលមុនៗផងដែរ ពោលគឺតាំងពីសតវត្សរ៍ទី ១៤ មកម្ល៉េះ។

នៅក្នុងមហាវិមាននេះមានសំណង់ដ៏អស្ចារ្យជាច្រើន ដូចជាប្រាសាទ ព្រះរាជដំណាក់ ព្រះវិហារ សារមន្ទីរ ប៉មយាម និងកំពែងព័ទ្ធជុំវិញព្រះបរមរាជវាំងទាំងមូលដែលមានកម្ពស់ ១៩ ម៉ែត្រ និងប្រវែងសរុប ៣ គីឡូម៉ែត្រ។ ក្រៅពីនេះ នៅមានវិមានរបស់អគ្គរាជទូត និងឈាបនដ្ឋានសម្រាប់បញ្ចុះព្រះសពព្រះចៅត្សាររុស្ស៉ីគ្រប់អង្គទៀតផង។

ជាមួយគ្នានោះ ក៏មានទ្វារដ៏សក្តិសិទ្ធិមួយទៀតហៅថា «ទ្វារជម្រះបាប» ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះចៅអាឡិចសង់ទី១ (Tsar Alexander I) ដោយមានបំពាក់គោមបំភ្លឺនៅចុងកំពូលទៀតផង។ នៅសម័យរបបរាជានិយម អ្នកដែលបានដើរចេញចូលតាមខ្លោងទ្វារជម្រះបាបនេះ គឺត្រូវតែដោះមួកជាកំហិតដើម្បីសម្ដែងនូវការគោរព ប្រសិនបើអ្នកណាហ៊ានបំពាននឹងព្រះរាជបញ្ជានេះ នោះពួកគេនឹងត្រូវមានទោសប្រហារជីវិត។

ក្រោយពេលប្រទេសរុស្ស៉ីកើតមានបដិវត្តន៍ប្ដូរប្រព័ន្ធគ្រប់គ្រងពីរបបរាជានិយមមកជារបបកុម្មុយនីស្ដវិញនោះ ក្រុមបដិវដ្ដន៍ក៏បានកាន់កាប់ និងប្ដូរព្រះរាជវាំងនេះទៅជាទីស្ដីការគណៈរដ្ឋមន្ត្រីរបស់សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (ក្រោយមកក៏ប្ដូរមកជាសហព័ន្ធរុស្ស៉ី) ដែលគេហៅថា មហាវិមានក្រឹមឡាំង (Grand Kremlin Palace)។

នាពេលបច្ចុប្បន្ន វិមានក្រឹមឡាំងបានក្លាយជាទីស្ដីការគណៈរដ្ឋមន្ត្រីរបស់សហព័ន្ធរុស្ស៉ី ដែលមានសោភ័ណភាពដ៏ស្រស់ឆើតឆាយជាងគេនៅលើពិភពលោក ដែលមិនងាយរកវិមានរដ្ឋាភិបាលណាមកប្រៀបប្រដូចបានឡើយ៕