(ភ្នំពេញ)៖ បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផលគំរោងរបស់ខ្លួន អស់រយៈពេលជាច្រើនខែមក ថ្ងៃនេះក្រុមហ៊ុនសែលកាត (Cellcard) នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគំរោងទិន្នន័យថ្មី បង្កើតឡើងជាពិសេសសម្រាប់បណ្តាអ្នកលេងហ្គេមប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់បំផុតនាពេលបច្ចុប្បន្ននេះ។
ក្រៅពីអត្ថប្រយោជន៍ដ៏សម្បូរបែបទាក់ទិននឹងហ្គេម សេវាកម្មនេះក៏នឹងបម្រើការកម្សាន្ត ជូនដល់អ្នកលេងហ្គេមគ្រប់រូបទាំងអស់ ដោយមិនមានការកំណត់អាយុ ទីតាំង ឬប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់នោះឡើយ។ ការបង្ហាញគម្រោងពិសេសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានដាក់ឱ្យដំណើរការកម្មវិធី PlayGame ដែលជា virtual game platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២០នេះ។
បច្ចុប្បន្ននេះ PlayGame កំពុងបម្រើការកម្សាន្តដល់អ្នកលេងហ្គេមរាប់ពាន់នាក់ ដែលពួកគេអាចប្រកួតប្រជែងជាមួយមិត្តភក្តិ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ សម្រាប់ការជាប់ចំណាត់ថ្នាក់ និងអាចតាមដានមើលព័ត៌មាននិងវីដេអូថ្មីៗ ពីអ្នកបង្កើតមាតិការល្បីៗផងដែរ។
PlayGame Unlimited អនុញ្ញាតឱ្យអ្នកលេងហ្គេមទាំងអស់ ទទួលបានជាពិសេស គឺឈុតខាងក្រៅដែលហៅថា Skin ដោយឥតគិតថ្លៃ រង្វាន់លើកទឹកចិត្ត និងការបញ្ចុះតម្លៃជាច្រើន។ ប៉ុន្តែអត្ថប្រយោជន៍ដ៏អស្ចារ្យជាងគេបំផុតនោះ គឺការផ្តល់ជូនទិន្នន័យឥតដែនកំណត់ពិតប្រាកដ សម្រាប់អតិថិជនដែលប្រើប្រាស់ស៊ីមសែលកាត។
https://youtu.be/ACPVUpXs8vg អតិថិជនដែលជ្រើសរើសការ ចូលជាសមាជិកប្រចាំសប្តាហ៍ ប្រចាំខែ សម្រាប់បីខែ ឬប្រចាំឆ្នាំ នឹងលែងបារម្ភជាមួយការអស់ទិន្នន័យសម្រាប់ការលេងហ្គេម Mobile Legends, Bang Bang និង PUBG Mobile ទៀតហើយ។
ទិន្នន័យបន្ថែម នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ Facebook Gaming រួមជាមួយនឹងកញ្ចប់ទិន្នន័យ សម្រាប់ប្រើប្រាស់លើសកម្មភាពផ្សេងៗទៀតដូចជា ការចូលទស្សនាហ្គេមផ្សាយផ្ទាល់ ការចូលប្រើប្រាស់គេហទំព័រ និងការផ្ញើសារជជែកគ្នាជាដើម។
គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ សមាជិកសែលកាត អាចចូលរួមនៅក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យ ទទួលបានការបញ្ចុះតម្លៃទៅលើមុខទំនិញ និងអាចជួបប្រាស្រ័យទាក់ទងជាមួយបណ្តាអ្នកលេងហ្គេម និងអ្នកបង្កើតមាតិការបស់សែលកាតផងដែរ។
https://youtu.be/ik9rfxQLVZc លក្ខណៈពិសេសនៃគម្រោងនេះ គឺការផ្តល់ជូននូវលទ្ធភាពដល់អ្នកលេងហ្គេមក្នុងការបង្កើត និងផ្តល់កាដូជាប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិចពិសេសពីម៉ាកល្បីៗនៅលើពិភពលោក ដែលមិនទាន់មានផ្តល់ជូននៅក្នុងប្រទេសកម្ពុជាដូចជា Steam, Play Station, XBOX, Nintendo, Apple, Google Play, Spotify, Netflix , and Amazon ជាដើម។
ផលិតផលនេះ ក៏មានប្រើប្រាស់ PlayCoins ដែលជារូបិយប័ណ្ណហ្គេមផ្ទាល់ខ្លួនរបស់វា សម្រាប់ប្តូរយករបស់របរហ្គេម និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិច ដើម្បីផ្តល់ជារង្វាន់ជូនដល់អ្នកលេងហ្គេមដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
https://youtu.be/VGsUFVk4E_8 រាល់ប្រតិបត្តិការទាំងអស់រួមមានការភ្ជាប់គម្រោងការទិញកញ្ចប់សេវាកម្ម ឬការបញ្ចូលទឹកប្រាក់ជាដើមនឹងមានផ្តល់ជាពិន្ទុជូនដល់សមាជិកសម្រាប់ប្តូរយក PlayCoins ដែលអាចប្រើប្រាស់សម្រាប់ទិញទំនិញផ្សេងៗនៅក្នុងផ្សារហ្គេមផងដែរ។
សមាជិក ៣,០០០នាក់ដំបូង ដែលភ្ជាប់គម្រោងនេះ នឹងទទួលបានរង្វាន់ជា PlayCoins បន្ថែមចំនួន ៥០ភាគរយ ដោយឥតគិតថ្លៃ ជាមួយនឹងលេខកូដណែនាំ PlayGame ហើយរាល់សមាជិកទាំងអស់ ថែមទាំងមានឱកាសឈ្នះទូរស័ព្ទ iPhone 12 Pro ថ្មី នៅក្នុងការចាប់ឆ្នោតផ្សងសំណាងរៀងរាល់ថ្ងៃសុក្រ ដោយនឹងបន្តរហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា PlayGame Unlimited ត្រូវបានរៀបចំបង្កើតឡើង ដោយផ្តោតយកចិត្តទុកដាក់ទៅលើបែបបទ និងតម្រូវការរបស់អ្នកលេងហ្គេមជាពិសេសតែម្តង។
លោកបានឱ្យដឹងយ៉ាងដូច្នេះថា ក្រុមហ៊ុនសែលកាត ប្តេជ្ញាចិត្តក្នុងការផ្តល់នូវវេទិកាជូនដល់អ្នកលេងហ្គេមដែលមានទេពកោសល្យពូកែៗរបស់យើង ឱ្យអាចរៀនសូត្រ បង្កើនសមត្ថភាព ក៏ដូចជាទទួលបាននូវការទទួលស្គាល់ពីប្រទេសនៅក្នុងតំបន់ និងនៅជុំវិញពិភពលោកផងដែរ។
យើងបានបង្កើត PlayGame Unlimited ឱ្យក្លាយជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី និងថ្នាលដែលរៀបចំឡើងដើម្បីគាំទ្រ និងអភិវឌ្ឍសហគមន៍អ្នកលេងហ្គេម។ យ៉ាងណាមិញគោលបំណងធំបំផុតរបស់យើង គឺការចូលរួមជួយលើកកម្ពស់ដល់កីឡាករហ្គេមនៅក្នុងស្រុក ការអភិវឌ្ឍកីឡាករអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគត និងការផ្តល់ឱកាសដល់កីឡាករយើងឱ្យអាចចូលរួមកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធីប្រកួតធំៗផ្សេងទៀតជាដើម»។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការថ្នាល PlayGame ក្រុមហ៊ុនសែលកាត ក៏ត្រូវបានទទួលស្គាល់ថាជា បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាសម្រាប់ផ្នែកហ្គេម កាលពីខែសីហាដោយស្ថានប័ន OpenSignal ផងដែរ៕