(ដូណេស)៖ អ្នកចាត់ការទូទៅក្រុមអេស្ប៉ាញ Real Madrid លោក Zinedine Zidane បានលើកឡើងថា លោកមិនចុះចេញពីតំណែងគ្រូបង្វឹកនោះទេ បើទោះជាចាញ់ការប្រកួតទល់នឹងក្រុមមកអ៊ុយក្រែន Shakhtar Donetsk ទាំងពីរជើងក្នុងវគ្គសន្សំពិន្ទុប្រចាំពូល B នៃការប្រជែងពានក្របខណ្ឌអឺរ៉ុប UEFA Champions League រដូវកាលនេះក៏ដោយ។ នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
ក្រុមជើងឯក ១៣សម័យកាលច្រើនជាងគេរបស់លោក Zidane កំពុងប្រទាញប្រទង់ពិន្ទុជាមួយក្រុមទាំង ៤ប្រចាំពូល B ដើម្បីឡើងទៅវគ្គ ១៦ក្រុមដែលការប្រកួតលើកទី៦ វគ្គសន្សំពិន្ទុនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ខណៈ Shakhtar Donetsk បានបំបាក់ក្រុម Real Madrid ២-០ ក្នុងជើងទី២ បន្ទាប់យកឈ្នះ ៣-២ នៅទឹកដី Santiago Bernabeu ជើងទី១ រវាងក្រុមទាំង២។
ក្រុម Real មានតែ ៧ពិន្ទុត្រូវការជ័យជម្នះជាដាច់ខាតពេលជួបក្រុម Borussia Monchengladbach របស់អាល្លឺម៉ង់ដែលកំពុងមាន ៨ពិន្ទុឈរនៅកំពូលតារាង ដើម្បីធានាកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ គ្រាដែល Shakhtar ដែលមាន ៧ពិន្ទុត្រូវប៉ះក្រុម Inter Milan ដែលរកបាន ៥ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ Moncheng ៣-២៕