(ភ្នំពេញ)៖ ទីបំផុតក្លិបព្រះខ័នរាជស្វាយរៀង បានដើរដល់ផ្លូវបំបែកជាមួយកីឡាករសំខាន់ៗ ២រូបទៀតហើយ ក្រោយចំណាយពេលស្ទើរ ១ទសវត្សរ៍ជាមួយគ្នា គឺកីឡាករ នេន សុធារដ្ឋ និង នុប តុលា ដែលអ្នកទាំងពីរត្រូវបានផ្ទេរទៅកាន់ទ្រនំថ្មី គឺក្លិបណាហ្គាវើលដ៏។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៤សម័យនេះ។
ចំពោះកីឡាករពាក់អាវលេខ២៣ នេន សុធារដ្ឋ បានចំណាយពេលជាមួយក្រុមស្វាយរៀង អស់រយៈពេល ១១ឆ្នាំ ហើយបានបន្សល់នូវស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ដ្រជាមួយក្លិប គឺការរួមចំណែកជួយក្រុមលើកពានសម្ដេចតេជោ ហ៊ុន សែន ចំនួន ៤សម័យ (ឆ្នាំ២០២១, ២០១២, ២០១៥ និងចុងក្រោយឆ្នាំ២០១៧) ក្រៅពីជួយក្រុមលើកពានលីគកំពូលកម្ពុជាចំនួន ២សម័យ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៩។
ចំណែកកីឡាករលេងបានទាំងខ្សែប្រយុទ្ធ និងខ្សែការពារ នុប តុលា វិញ បានចំណាយពេលជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ អស់រយៈពេល ៩ឆ្នាំ ដោយបានបន្សល់នូវស្នាដៃជួយក្រុមឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ចំនួន ២សម័យកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៧ ហើយបានជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាចំនួន ២សម័យដូចគ្នាកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៩។
ជុំវិញការចាកចេញរបស់កីឡាករស្នូលទាំង ២រូបខាងលើ ព្រះខ័នរាជស្វាយរៀង ពុំបានបញ្ជាក់ពីមូលហេតុនោះទេ តែក្លិបជូនពរពួកគេទទួលបានជោគជ័យ នៅក្លិបថ្មីរបស់ខ្លួន គឺក្លិបណាហ្គាវើលដ៏ ដែល នេន សុធារដ្ឋ និង នុប តុលា នឹងត្រូវចូលរួមនារដូវកាលក្រោយ។
គួរបញ្ជាក់ថា ក្រោយចប់រដូវកាលឆ្នាំ២០២០ មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករសរុប ៦នាក់ហើយ ដែលសុទ្ធសឹងជាកីឡាករល្អៗរួមមាន នេន សុធារដ្ឋ, នុប តុលា, ឈិន ឈឿន, ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell ព្រមទាំងកីឡាករប្រេស៊ីល គឺខ្សែបម្រើ Thiago និងខ្សែប្រយុទ្ធ Pedro Agusto។
ប៉ុន្ដែមុនការចាកចេញរបស់រាមច្បងខាងលើ ក្លិបមានប្រវត្តិជោគជ័យជាងគេក្នុងពានសម្ដេចតេជោ ហ៊ុន សែន នេះ ក៏បានប្រកាសបន្ដកិច្ចសន្យាជាមួយកីឡាករវ័យក្មេងចំនួន ៧រូបផងដែររួមមានកីឡាករ ឃៀង ម៉េងហួរ, សួន សុវណ្ណ, ត្រាយ វិចិត្រ, នី សុខរី, មិន រតនៈ, គឹម សុខយុទ្ធ និង ប្រាក់ មុន្នីវីរៈ ព្រមទាំងកីឡាករជប៉ុនម្នាក់ គឺខ្សែបម្រើ Daisuke។ ចំពោះកីឡាករចំណូលថ្មី ដែលក្លិបបាននាំចូលត្រៀមរដូវកាលថ្មី គឺទើបនាំចូល អ្នកចាំទីកូនកាត់ខ្មែរ-ថៃ សញ្ជាតិបារាំង អេឡិច យូ ម្នាក់ប៉ុណ្ណោះ៕