(ភ្នំពេញ)៖ អតិថិជនដៃគូ ធនាគារនៃបាគង ដែលជាប្រព័ន្ធបច្ចេកវិទ្យា Blockchain ប្រកបដោយភាពច្នៃប្រឌិត ដំណើរការដោយប្រព័ន្ធឌីជីថល ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិកម្ពុជា ឥឡូវនេះ ពួកគេអាចផ្ទេរប្រាក់ បានយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង នៅទូទាំងប្រទេស។
អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាល នៃធនាគារឯកទេស វីង បានថ្លែងថា «ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ វីងនៅតែប្រកាន់ខ្ជាប់ នូវចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជាគ្រប់រូប នូវសេវាកម្មហិរញ្ញវត្ថុចល័ត ដែលធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការរួមសហការវាបាគង និងវីង យើងនឹងជំរុញចក្ខុវិស័យនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
បាគង ដែលបានដាក់ឲ្យដំណើរការ កាលពីចុងខែតុលានេះ ជាកម្មវិធីអន្តរធនាគារមួយ ដែលជំរុញការទូទាត់សាច់ប្រាក់ យ៉ាងរលូនរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នា នូវហិរញ្ញវត្ថុឌីជីថលនេះ នឹងធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាព និងសុវត្តិភាពនៃការទូទាត់ចំណាយ និងការជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ប្រតិបត្តិការ គ្មានសាច់ប្រាក់នៃប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «នេះជាលើកទីមួយហើយ ដែលប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយ ភាពច្នៃប្រឌិតបែបនេះ ត្រូវបានដាក់ ឲ្យដំណើរការ ដើម្បីភ្ជាប់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទូទាត់ផ្សេងទៀត សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ តាមរយៈភាពជាដៃគូនេះ យើងអាចជួយសម្រួល ដល់ការផ្ទេរប្រាក់តាមបែបឌីជីថល ដល់ស្ថាប័នផ្សេងៗបានយ៉ាងរហ័ស និងងាយស្រួល។ ជាមួយប្រព័ន្ធបាគង អតិថិជននៃធនាគារដៃគូទាំងអស់ឥឡូវនេះ នឹងអាចប្រើប្រាស់បណ្តាញភ្នាក់ងារវីង ទូទាំងប្រទេសដើម្បីដកប្រាក់របស់ពួកគេ»។
សម្រាប់អ្នកប្រើប្រាស់ទូទៅ បាគងកែលម្អរបៀបនៃការទូទាត់សាច់ប្រាក់ និងធនាគារចល័ត តាមរយៈការរួមបញ្ចូលនូវសេវាកម្មធនាគារ និងសេវាហិរញ្ញវត្ថុ ចូលក្នុងទម្រង់តែមួយ។ ដោយសារតែរូបិយប័ណ្ណឌីជីនេះ អាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួល រវាងប្រជាជន និងស្ថាប័ន ទើបធ្វើឲ្យអ្នកប្រើប្រាស់ អាចទទួលនិងផ្ទេរប្រាក់ទៅមិត្តភក្តិ សមាជិកគ្រួសារ និងដៃគូអាជីវកម្មគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។
សព្វថ្ងៃនេះ អតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាសមាជិករបស់បាគង អាចធ្វើការផ្ទេរប្រាក់តាមរយៈស្កេន QR កូដ វាយបញ្ចូលលេខទូរស័ព្ទ ឬគ្រាន់តែជ្រើសរើសឈ្មោះ អ្នកទទួលពីបញ្ជីទំនាក់ទំនងរបស់ពួកគេ។
អ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចជ្រើសរើសស្ថាប័នហិរញ្ញវត្ថុណាមួយ នៅក្នុងបណ្តាញប្រព័ន្ធបាគង ដើម្បីផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក ហើយថែមទាំងអាចធ្វើការ ត្រួតពិនិត្យ ប្រវត្តិប្រតិបត្តិការប្រើប្រាស់ទៀតផង។ នៅពេលផ្ទេរប្រាក់ហើយ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ តាមរយៈប្រព័ន្ធបាគង ទៅគណនីវីង ហើយពួកគេ អាចប្រើប្រាស់ភ្នាក់ងារវីង ទូទាំងប្រទេសដើម្បីដកប្រាក់។
ប្រទេសកម្ពុជា កំពុងជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈរូបិយប័ណ្ណឌីជីថល ហើយក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឌីជីថលដ៏ធំមួយ នៅក្នុងប្រទេស វីងកំពុងរួមចំណែកធ្វើឲ្យការខំប្រឹងប្រែងមួយនេះជោគជ័យ។
លោក ម៉ានូ រ៉ាចាន់ បានបន្តថា «បាគង និង វីង កំពុងរួមគ្នាជំរុញប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ឲ្យឈានដល់ការអភិវឌ្ឍកម្រិតថ្មីមួយទៀត។ សម្រាប់យើង វាជាការបើក ឲ្យមានការផ្តល់សេវាដាក់ប្រាក់ និងដកប្រាក់ ដែលប្រកបដោយភាពងាយស្រួល ដល់អតិថិជនរបស់ដៃគូធនាគារនៃបាគង»។
នោះមានន័យថា អតិថិជនទាំងនេះ ឥឡូវអាចប្រើប្រាស់សេវា របស់បណ្តាញភ្នាក់ងារវីង ជាង៨២០០ គ្រប់ទីកន្លែងពីរាជធានីភ្នំពេញ រហូតដល់តាមស្រុកនានា ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ មានស្ថាប័នហិរញ្ញវត្ថុចំនួន១៨ទូទាំងប្រទេស ហើយដែលបានក្លាយជាសមាជិក របស់ប្រព័ន្ធបាគង។ សម្រាប់អ្នកប្រើប្រាស់ថ្មី លោកអ្នកអាចស្វែងរក កម្មវិធីប្រព័ន្ធបាគងនៅក្នុង App Store និង Google Play Store ឬតាមរយៈគេហទំព័រ៖https://bakong.nbc.org.kh៕