(កាតា)៖ កាតា នឹងសម្ពោធពហុកីឡដ្ឋានទី៤ ក្នុងចំណោមពហុកីឡដ្ឋានទាំង៨របស់ខ្លួន ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup នៅថ្ងៃទី១៨ ខែធ្នូនេះ, នេះបើតាមការបញ្ជាក់ពី អ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ។
កាតា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup នៅឆ្នាំ២០២២ខាងមុខ។
ជាមួយនឹងសមត្ថភាព អាចផ្ទុកបានអ្នកទស្សនា ចំនួន៤០,០០០នាក់, ពហុកីឡដ្ឋាន Al Rayyan នេះ នឹងធ្វើជាទីកន្លែងសម្រាប់ការប្រកួត World Cup រហូតដល់ការប្រកួតជុំទី១៦។
អគ្គលេខាធិការស្ថាប័នរៀបចំរបស់កាតា សម្រាប់ព្រឹត្តិការណ៍ World Cup លោក Hassan Al Thawadi បានឲ្យដឹងថា «ការត្រៀមខ្លួនរបស់យើង សម្រាប់ព្រឹត្តិការណ៍ World Cup កំពុងបន្តទៅមុខ, ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ៩០ភាគរយ បានបញ្ចប់ការសាងសង់»។ លោកបន្ថែមថា «យើងនឹងបង្ហាញពហុកីឡដ្ឋានបន្ថែមទៀត នៅឆ្នាំក្រោយ»៕