(ភ្នំពេញ)៖ ក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានតែងតាំងកីឡាករ ខែក ខេមរិន្ទ ជាគ្រូបង្ហាត់យុវជនអាយុក្រោម១៨ឆ្នាំ បន្ទាប់ពីរូបគេបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់រួចមក។ ខេមរិន្ទ បានរួមរស់ និងជួយក្លិបអស់រយៈពេលប្រមាណជាង១៣ ឆ្នាំមក។

ក្រោយពី ខេមរិន្ទ ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករ ដោយមេីលឃើញពីសមត្ថភាព និងបទពិសោធជាច្រើនឆ្នាំ ថ្នាក់ដឹកនាំនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានផ្ដល់ឱកាស និងសេចក្ដីទុកចិត្តដល់ ខែក ខេមរិន្ទ ធ្វើជាគ្រូបង្ហាត់យុវជនអាយុក្រោម១៨ឆ្នាំ របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ វិញ។

គួរដឹងផងដែរថា ខែក ខេមរិន្ទ ផ្ដើមអាជីពបាល់ទាត់នៅសមាគមកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៩ ដោយកាលណោះនៅឈ្មោះក្លិបក្រសួងការពារជាតិ និងធ្លាប់ជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំទៀតផង៕