(ភ្នំពេញ)៖ ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករ ជា វណ្ណសាក់ ដែលជាអ្នកចាំទីដំបូងបានរួមចំណែកជួយក្លិបឡើងមកលេងលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៨ ជាផ្លូវការហើយ ក្រោយសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបង្ហាញតម្រុយកាលពីថ្មីៗ។
ជា វណ្ណសាក់ បានចូលរួមជាមួយវិសាខា តាំងពីឆ្នាំ២០១៧ ស្របពេលក្រុមមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញនេះ កំពុងលេងក្របខណ្ឌលីគទី២ ហើយក្នុងឆ្នាំដដែលនោះ រូបគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងតំណែងអ្នកចាំទីដៃទី១ ដោយបានជួយក្រុមគ្រងជើងលីគទី២ និងឈ្នះស្រោមដៃមាស ដែលនាំឲ្យក្រុមវិសាខា ទទួលបានកៅអីលីគកំពូលកម្ពុជាលើកដំបូង កាលពីឆ្នាំ២០១៨។
ក្រោយទទួលបានសិទ្ធចូលរួមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា វិសាខា បាននាំចូលអ្នកចាំទីជម្រើសជាតិម្នាក់ទៀត មកពង្រឹងក្រុម គឺកីឡាករ កែវ សុខសិលា ដែលធ្វើឲ្យ ជា វណ្ណសាក់ របូតកៅអីជម្រើសដំបូង ។ អ្វីដែលមិនសូវគាប់ប្រសើរ សម្រាប់អតីតយុវជនព្រះខ័នរាជស្វាយរៀងរូបនេះ គឺរដូវកាលឆ្នាំ២០២០ ដោយក្នុងចំណោម ១៧ប្រកួត នៃលីគកំពូលកម្ពុជា វណ្ណសាក់ មានឱកាសបង្ហាញខ្លួនតែ ១ប្រកួតប៉ុណ្ណោះ។
យ៉ាងណាមិញក្រោយចាកចេញពីក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិនេះ ជា វណ្ណសាក់ នៅមិនទាន់បង្ហាញ់ពីអនាគតក្លិបថ្មីនោះទេ។ ប៉ុន្ដែមានព័ត៌មានចចាមអារ៉ាមបានលើកឡើងថា អ្នកចាំទីកម្ពស់បានរូបនេះ ទំនងអាចនឹងផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរ?
គួរបញ្ជាក់ថា មកទល់ពេលនេះ វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករចំនួន ៤រូប និងគ្រូអ្នកចាំទីម្នាក់ គឺលោក សួង ភីរម្យ។ ចំពោះកីឡាករ រួមមានអ្នកចាំទី ជា វណ្ណសាក់, ខ្សែប្រយុទ្ធ ម៉ាក់ សាក់រវី(មិនទាន់ដឹងក្លិបថ្មី), ខ្សែការពារ សាន គឹមហេង(ផ្ទេរទៅបឹងកេត), និងខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Mihaljevic Filip (មិនទាន់ដឹងក្លិបថ្មី)។
ទន្ទឹមជាមួយគ្នា បេក្ខភាពត្រៀមលេងវគ្គជម្រុះពាន AFC Cup 2021 នេះ ក៏ត្រៀមប្រកាសសមាជិកថ្មីដំបូង នាថ្ងៃទី០៤ ខែធ្នូខាងមុខ ដើម្បីត្រៀមរដូវកាលថ្មីផងដែរ ស្របពេលអ្នកគាំទ្រជាច្រើន បានដាក់ការសង្ស័យ គឺជាកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ។ ប៉ុន្ដែកន្លងមក វិសាខា ក៏បានប្រកាសបន្ដកុងត្រាកីឡាករសំខាន់ៗមួយចំនួនផងដែរ រួមមានកីឡាករ កែវ សុខផេង, ច្រឹង ពលរដ្ឋ, អ៊ិន វិច្ឆ័យ និងកីឡាករអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ជាដើម៕