(អាមេរិក)៖ តុលាការឧទ្ធរណ៍របស់អាមេរិកបានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ការទាញយក (Downlaod) កម្មវិធី TikTok នៅលើ App Store និង Play Store អាមេរិក នឹងត្រូវធ្វើការជជែកដេញដោលផ្ទាល់មាត់នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ។ នេះ បើយោផងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ។

កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅនេះ លោកចៅក្រម Carl Nichols បានរារាំងបទបញ្ហា ក៏ដូចជាការស្នើសុំរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងការ បិទមិនឱ្យមានការទាញយកកម្មវិធី TikTok ដែលជាកម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុនចិន និងជាពិសេសគឺលោកដូណាល់ ត្រាំ បានបង្ហាញក្ដីព្រួយ បារម្ភថា កម្មវិធីមួយនេះអាចត្រូវបានរដ្ឋាភិបាលចិនជាអ្នកនៅពីក្រោយ ហើយវាអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់អាមេរិក។

នៅសប្ដាហ៍មុននេះ ការិយាល័យរបស់លោកដូណាល់ ត្រាំ បានពន្យារពេលឱ្យក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok សម្រេចចិត្តលក់ កម្មវិធីនេះឱ្យទៅក្រុមហ៊ុនអាមេរិក និងចាកចេញពីការគ្រប់គ្រង់របស់ក្រុមហ៊ុនចិន ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន ByteDance ហាក់ដូចជាគ្មាន ប្រតិកម្មអ្វីទាំងអស់ ខណៈដែលនៅពេលនេះ ចំនួនអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជា ១០០លាននាក់៕