(ដកម៉ាន់)៖ Borussia Dortmund បានក្លាយជាក្រុមទី២ របស់អាល្លឹម៉ង់បានឈ្នះកៅអីឡើងទៅលេងវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដូចក្លិបខ្លារខិន Bayern Munich បើទោះបីជារកបានត្រឹម ១ពិន្ទុពីការប្រកួតស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Lazio មកពីអ៉ីតាលីក៏ដោយ។
កីឡាករ Raphael Guerreiro ជាអ្នករកបានគ្រាប់នាំមុខ ១គ្រាប់មុននៅនាទី៤៤ ក្រោយទទួលបានពីមិត្តរួមក្រុម Thorgan Hazard មុនពេលខ្សែប្រយុទ្ធ Ciro Immobile រកបានគ្រាប់តាមស្មើឲ្យក្រុមភ្ញៀវវិញដោយបាល់ ១១ម៉ែត្រនៅនាទី៦៧ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីក្នុងប្រកួតទី៥ សម្រាប់ជើងទី២ នៅពេលដែល Lazio បំបាក់ Dortmund ៣-១ កាលពីជើងទី១។
១ពិន្ទុក្នុងដីនេះដែរ បានជួយឲ្យ Borussia Dortmund បន្តឈរនៅកំពូលតារាងនៃពូល F ដដែលជាមួយនឹង ១០ពិន្ទុនៃមុខ Lazio ដែលមាន ៩ពិន្ទុត្រូវប៉ះក្រុមលេខ៣ Club Brugge ប្រជែងយកកៅអី១ ក្នុងការឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។
អាល្លឺម៉ង់នៅសល់ ២ក្រុមទៀតមានដូចជា Monchengladbach ដែលស្ថិតក្នុងពូល B និង RB Leigzig ក្នុងចំណោម ៤ក្រុមដែលបានឡើងមកលេងវគ្គចែកពូល ៣២ក្រុមចុងក្រោយនេះ ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀត៕