(ភ្នំពេញ)៖ សាលា CamEd Business School បានរៀបចំនូវសន្និសិទអន្តរជាតិតាមអនឡាញមួយ ស្ដីពីការស្រាវជ្រាវលើប្រធានបទ «តើវិបត្តិសុខភាពបំប្លែងទៅជាវិបត្តិសេដ្ឋកិច្ចដោយរបៀបណា? –ផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID-19» សន្និសិទនេះ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។
សន្និសីទនេះ បានធ្វើឡើងមានការចូលរួមពីសំណាក់អ្នកស្រាវជ្រាវ បណ្ឌិតសភាចារ្យ និស្សិត និងអ្នកចូលរួមផ្សេងៗទៀតមកពីអង្គការអន្តរជាតិ អង្គការអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ។ល។ មានអ្នកចូលរួមប្រមាណជា ៤០០នាក់ បានចូលរួមនៅក្នុងសន្និសិទ តាមអនឡាញនេះមកពី ១១ប្រទេស ដែលមានដូចជា៖ អូស្ត្រាលី បង់ក្លាដេស កម្ពុជា កាណាដា ឥណ្ឌា ជប៉ុន ហុល្លង់ នីហ្សេរីយ៉ា ហ្វីលីពីន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
ជាកិច្ចស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ លោកសាស្ត្រាចារ្យ Tapas R. Dash ជាទីប្រឹក្សាផ្នែកស្រាវជ្រាវនៃសាលា CamEd Business School បានគូសបញ្ជាក់អំពីសារសំខាន់នៃការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវ និងបទពិសោធន៍អំពីបញ្ហានានា ដែលកើតចេញពីការរីករាលដាលជំងឺ COVID-19 នៅក្នុងតំបន់ និងពិភពលោក សម្រាប់ជាទស្សនទានដល់ការរៀបចំគោលនយោបាយ។
ជាកិច្ចចាប់ផ្ដើមសន្និសិទ លោកសាស្ត្រាចារ្យ Casey Barnett នាយកសាលា CamEd Business School បានពិភាក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ចរយៈពេលវែង ដែលនឹងកើតមានឡើងទៅលើការខាតបង់ការសិក្សាបង្កឡើងដោយសារមេរោគ CORONA និងបានសង្កត់បញ្ជាក់អំពីភាពចាំបាច់ ក្នុងការសិក្សាបន្ថែមទៀតក្នុងពេលលំបាកនេះ និងត្រូវខិតខំរៀនឱ្យកាន់តែខ្លាំងជាងមុន។
ជាកិច្ចបើកការពិភាក្សា លោក Nick Beresford អ្នកតំណាងប្រចាំកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP បានឡើងធ្វើបទបង្ហាញអំពីការព្យាករណ៍គំរូម៉ាក្រូសេដ្ឋកិច្ចនៅក្នុងបរិបទជំងឺ COVID-19 អំពីលទ្ធផលបឋមពីកម្មករក្រៅប្រព័ន្ធ និងការអង្កេតលើសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSMEs) អំពីផលប៉ះពាល់បឋមមកលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស និងអំពីអនុសាសន៍គោលនយោបាយ។
លោក Charles Bodwell អ្នកជំនាញការជាន់ខ្ពស់ស្ដីពីការអភិវឌ្ឍសហគ្រាស នៃអង្គការអន្តរជាតិខាងការងារប្រចាំក្រុងបាងកក បានឡើងធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃជំងឺ COVID-19 មកលើសេដ្ឋកិច្ចកម្ពុជា និងការឆ្លើយតបរបស់អង្គការ ILO ចំពោះផលប៉ះពាល់នេះ។ បន្ទាប់ពីគូសបញ្ជាក់អំពីវិស័យកង្វល់របស់អង្គការ ILO ដែលជាប់ទាក់ទងនឹងជំងឺ COVID-19 លោកក៏បានសង្កត់ធ្ងន់ទៅលើភាពពាក់ព័ន្ធគ្នានៃកម្មវិធីសិក្សាផ្អែកលើសកម្មភាពរបស់អង្គការ ILO ដែលនឹងជួយដល់ប្រជាជន ក្នុងការលើកកម្ពស់នូវសមត្ថភាពរបស់ពួកគេ តាមរយៈវិធីសាស្រ្តមិត្តបង្រៀនមិត្តនៅក្នុងកំឡុងពេលជំងឺ COVID-19។
លោកបណ្ឌិត Satyendra Singh ជាសាស្ត្រាចារ្យផ្នែកទីផ្សារ និងធុរកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យ University of Winnipeg ប្រទេសកាណាដា បានផ្ដោតគំនិតថាតើជំងឺ COVID-19 បានប៉ះពាល់ដល់ឥរិយាបទរបស់អ្នកប្រើប្រាស់ដោយរបៀបណានៅទូទាំងពិភពលោក។ លោកសាស្ត្រាចារ្យ Casey Barnett នាយកនៃសាលា CamEd Business School បានឡើងធ្វើបទបង្ហាញរបស់គាត់ អំពីប្រសិទ្ធិភាពនៃការសិក្សាតាមអនឡាញ រួមបញ្ចូលគ្នានឹងការសិក្សាក្នុងថ្នាក់រៀន នៅក្នុងដំណាក់កាលជំងឺ COVID-19។
លោកស្រី Catherine Cecil ប្រធានគម្រោងនៃវិទ្យាស្ថាន EWMI នៅកម្ពុជាបានមានថ្លែងអំពីការចូលរួមរបស់ពលរដ្ឋកម្ពុជា នៅក្នុងកំឡុងពេលនៃជំងឺ COVID-19។ លោកស្រី Kristin Parco ជាប្រធានបេសកកម្មនៃអង្គការទេសន្តប្រវេសន៍ IOM-UN Migration ប្រចាំកម្ពុជា បានឡើងធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃជំងឺ COVID-19 មកលើកម្មករទេសន្តប្រវេសន៍ និងការឆ្លើយតបរបស់អង្គការ IOM ។
លោកបណ្ឌិត Koichi Nakagawa មកពីសាកលវិទ្យាល័យ Osaka University ប្រទេសជប៉ុន បានលើកយកមកពិភាក្សាអំពីលំហូថ្មីនៃលុយមកលើបញ្ហាសង្គម ដោយធ្វើការពិចារណាទៅលើកម្មវិធីរៃអង្គាសសាច់ប្រាក់សង្គមនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះក៏មានអ្នកធ្វើបទបង្ហាញជាច្រើនទៀត រួមទាំងទៅលើការស្រាវជ្រាវផ្សេងៗទៀតមកពីសាលា CamEd Business School មានដូចជា សាស្ត្រាចារ្យ មន្ត្រី និងនិស្សិតជាច្រើនរូបផងដែរ៕