(ភ្នំពេញ)៖ សណ្ឋាគារលំដាប់ ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដែលជាពាណិជ្ជកម្មផ្នែកសណ្ឋាគារ និង បដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង កំណត់យកការ វិនិយោគ និងការអភិវឌ្ឍសហគមន៍ក្នុងតំបន់ឲ្យដើរទន្ទឹមគ្នា។

ស្រប ពេលនឹងការលេចចេញជារូបរាងដ៏ធំស្កឹមស្កៃនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង បានផ្សារភ្ជាប់ខ្លួនៗបណ្តើរក្នុងការកែប្រែសហគមន៍ ដែលនៅ ជុំវិញផងដែរ។

គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា សហគមន៍ជុំវិញសណ្ឋាគារ នឹងទទួលបានទាំងឱកាសការងារការកើនឡើងនៃភ្ញៀវទេសចរណ៍ក្នុងសហគមន៍ និង ការ បរិច្ចាគទៅកាន់សង្គមវិញក្នុងវិស័យអប់រំ និងបរិស្ថាន ដែលជាសសរស្តម្ភនៃការទទួលខុសត្រូវចំពោះ សង្គមរបស់ ក្រុមហ៊ុន ជីប ម៉ុង និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញផងដែរ។

សម្រាប់ដំណាក់កាលដំបូងនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានជ្រើសរើសបុគ្គលិកបម្រើការបានចំនួន១៦៥ នាក់ដែល៩៥ភាគរយគឺជាបុគ្គលិកជនជាតិខ្មែរ។ នៅពេលដំណើរការពេញលេញសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនឹង ត្រូវការបុគ្គលិកសរុបរហូតដល់ជាង៣០០ នាក់សម្រាប់បំពេញការងារ។

សម្រាប់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង បានដាក់ប្រព័ន្ធលូសងខាង កែលម្អនិង ពង្រីកផ្លូវ១៧៨ ដែលស្ថិតនៅខាងមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដោយភ្ជាប់ពីមហាវិថីព្រះ នរោត្តមរហូតដល់វិថីព្រះស៊ីសុវត្ថិដោយចំណាយទឹកប្រាក់រហូតដល់ជាង៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង ក៏បានរួមចំណែកអភិរក្ស សមិទ្ធផល របស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅជាប់ភូមិផងនៃសណ្ឋាគារដោយ បានជួយកែលម្អដំបូលអគារដ៏ទ្រុឌទ្រោម វ័យ ជាង មួយសតវត្សឲ្យថ្មីសន្លាងនិងរក្សារចនាបទឲ្យនៅដដែលផងដែរ៕