(ភ្នំពេញ)៖ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន និយាយថា ចង់ផ្ដោតអារម្មណ៍ជាមួយក្លិបថ្មីឲ្យបានខ្លាំង នារដូវកាលឆ្នាំ២០២១ ជាជាងគិតដល់រឿងកៅអីក្រុមជម្រើសជាតិកម្ពុជា។ ការលើកឡើងនេះ ស្របពេល ធារី កំពុងមានវត្តមាននៅកម្ពុជា ហើយមានព័ត៌មានចចាមអារ៉ាមថា រូបគេនឹងចូលរួមជាមួយក្លិបធំមួយ នៃលីគកំពូលកម្ពុជា នារដូវកាលថ្មីខាងមុខ។

អតីតសមាជិកក្រុមសិង្ហក្រហមភ្នំពេញក្រោនខាងលើ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត សម្រាប់ឆ្នាំ២០២០ ដែលខ្លួនត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ព្រោះវិបត្តិសកលកូវីដ-១៩ ដែលបង្ខំឲ្យការប្រកួតអន្ដរជាតិទាំងអស់ត្រូវបានលុបចោល។ តែយ៉ាងណារដូវកាលថ្មី ខ្លួនមិនទាន់គិតដល់កៅអីជម្រើសជាតិនោះទេ គឺផ្ដោតជួយក្លិបថ្មីជាមុនសិន។

ខ្សែបម្រើវ័យ ២៩ឆ្នាំ ធារី ចន្ថាប៊ីន បានបញ្ជាក់ថា «ឆ្នាំក្រោយ ឆ្នាំ២០២១ ជម្រើសជាតិ ខ្ញុំអត់ទាន់គិតពីរឿងហ្នឹងទេ ខ្ញុំចង់ប្រមូលអារម្មណ៍ជាមួយក្លិបថ្មី។ ដឹងហើយ! ឧទហរណ៍យើងលេងល្អជាមួយក្លិបថ្មី យើងនឹងមានឱកាស ដើម្បីបង្ហាញខ្លួន និងជាប់ជម្រើសជាតិ»

ពាក់ព័ន្ធនឹងទ្រនំថ្មីវិញ អតីតសមាជិកក្រុមជម្រើសជាតិយុវជន U17 បារាំងរូបនេះបន្ថែមថា បច្ចុប្បន្នកំពុងចរចាជាមួយក្លិប ២ ទៅ ៣ក្លិបនៅកម្ពុជា ហើយក៏មានក្លិបថៃទាក់ទងដែរ តែខ្លួនមិនទាន់ច្បាស់លេងឲ្យក្លិបណានោះទេ ព្រោះឥឡូវខ្លួនមានប្រពន្ធ-កូន។ ហេតុនេះខ្លួនត្រូវគិត និងត្រូវការក្លិប ដែលជាកន្លែងល្អជាងគេ ដើម្បីគ្រួសារខ្លួន។

ជុំវិញរឿងនេះ ក៏មានព័ត៌មានចចាមអារ៉ាមដែរថា ធារី ចន្ថាប៊ីន បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបដ៏ធំមួយក្នុងក្របខណ្ឌលីគកំពូលកម្ពុជាហើយ ស្របពេលអ្នកគាំទ្រជាច្រើន បានដាក់មន្ទិលលើក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា គ្រាដែលក្រុមនេះ គ្រោងប្រកាសសមាជិកថ្មីដំបូងនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។

គួរបញ្ជាក់ថា ធារី បានមកប្រកបអាជីពនៅកម្ពុជាដំបូងកាលពីឆ្នាំ២០១២ ជាមួយក្លិបភ្នំពេញក្រោន ហើយបានចំណាយពេល ៥ឆ្នាំជាមួយក្រុមសិង្ហក្រហមនេះ ដោយបន្សល់នូវស្នាដៃជួយក្រុមឈ្នះពានលីគ ២សម័យ ក្នុងឆ្នាំ២០១៤-២០១៥។ ឆ្នាំ២០១៧ ធារី បានចាកចេញទៅលេងនៅលីគទី២ ថៃ ជាមួយក្លិប Krabi FC ប៉ុន្ដែលេងបាន ១ជើង គេក៏ត្រឡប់មកលេងនៅកម្ពុជាវិញជាមួយក្លិបអគ្គិសនីកម្ពុជា នៅចុងឆ្នាំដដែល។

ប៉ុន្ដែ ៣រដូវកាលចុងក្រោយនេះ ធារី បានប្រកបអាជីពជាមួយក្លិបធំៗនៃលីគកំពូលម៉ាឡេស៊ី ក្នុងនោះគេបានចំណាយពេល ២ឆ្នាំជាមួយក្លិប Terengganu FC ដោយជួយក្រុមឈរចំណាត់ថ្នាក់លេខ៥ ក្នុងឆ្នាំ២០១៨ និងចំណាត់ថ្នាក់លេខ៧ ក្នុងឆ្នាំ២០១៩។ រីឯរដូវកាលឆ្នាំ២០២០ នេះ ធារី បានផ្ទេរទៅកាន់ក្លិប Perak FA ដោយរួមចំណែកជួយក្រុមនេះ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌលីគកំពុលម៉ាឡេស៊ីផងដែរ៕