(អាមេរិក)៖ ព្រឹត្តិការណ៍ពានរង្វាន់ «អូស្កា» ឆ្នាំ២០២១ នឹងមិនរៀបចំឡើងបណ្ដាញតាមអនឡាញនោះទេ គឺនឹងប្រព្រឹត្តទៅដូចរាល់ដង ដោយមានភ្ញៀវកិត្តិយសចូលរួមផ្ទាល់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

បណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ (The Academy of Motion Picture Arts and Sciences) ដែលជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ពានរង្វាន់អូស្កា បានធ្វើការផ្លាស់ប្តូរ ការប្រារព្ធកម្មវិធីនេះ លើកទី៧៣ រហូតទៅដល់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វិញ ដោយការយល់ឃើញថា រោងភាពយន្តនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅពេលនេះ។ មានន័យថា ខ្សែភាពយន្តជាច្រើន នឹងត្រូវបានអនុញ្ញាត ហើយមានលទ្ធភាពដាក់ក្នុងព្រឹត្តិការណ៍នេះ ដើម្បីប្រកួតប្រជែងពានរង្វាន់អូស្កា។

គួរជម្រាបថា ជាធម្មតាព្រឹត្តិការណ៍ពានរង្វាន់អូស្កា គឺមានអ្នកចូលរួមចំនួន ៣,៤០០ កៅអី ដែលធ្វើឡើងក្នុងទីក្រុង Los Angeles។ ប៉ុន្តែដោយសារតែបច្ចុប្បន្នមានការរាតត្បាតនៃជំងឺកូវីដ១៩ ចំនួនអ្នកចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវបានកំណត់ក្នុងចំនួនណាមួយ តែបច្ចុប្បន្នមិនទាន់ដឹងពីតួរលេខច្បាស់លាស់នៅឡើយ៕