(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការឆ្លងជំងឺកូវីដ១៩ ជាសហគមន៍លើកដំបូង និងចូលរួមចែករំលែកនូវសារទៅកាន់មហាជន ដើម្បីឲ្យមានការការពារខ្លួនបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នោះ តារាកំប្លែង ដែលវិវត្តន៍ខ្លួនទៅជាតារាចម្រៀង និងអ្នកជំនួញ គឺនាយ ពាក់មី បានបង្ហើរសំនៀងក្នុងបទ Cover មួយ ក្រោមចំណងជើងថា «ខ្លាចកូរ៉ូណា សុំសង្សារបែក» បានបង្កប់អត្ថន័យដាស់តឿនស្មារតីមហាជនឲ្យប្រយ័ត្ន និង ការពារខ្លួនពីជំងឺកូវីដ-១៩។

ចម្រៀង «ខ្លាចកូរ៉ូណា សុំសង្សារបែក» ត្រូវបានមហាជនសរសើរថា ពិតជាមានអត្ថន័យល្អយ៉ាងខ្លាំង ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩នេះ ព្រោះវាបានបង្កប់នូវខ្លឹមសារដាស់តឿន ដល់មហាជនទាំងឡាយ កុំឲ្យមានការជួបជុំគ្នា ដើម្បីជៀសផុតពីជំងឺឆ្លងកូវីដ១៩។ ចម្រៀងមួយនេះ ប្រៀបបាននឹងសារមួយចូលរួមផ្សព្វផ្សាយបន្ថែម ពីផលប៉ះពាល់នៃការប្រមូលផ្តុំគ្នា មិនថាមនុស្សតិច ឬច្រើនក្តី ដែល ជាផ្នែកមួយនៃការចូលរួមឲ្យពលរដ្ឋយល់ដឹង ពីការការពារខ្លួន បន្ថែមពីអ្វីដែលក្រសួងសុខាភិបាលបានព្យាយាមផ្សព្វផ្សាយ។

អមជាមួយនឹងបទចម្រៀង ដាស់តឿនស្មារតីដល់បងប្អូន ឲ្យប្រយ័ត្នប្រយែង និងការពាខ្លួនពីជំងឺរាតត្បាតកូវីដ១៩នេះ តារាកំប្លែងនាយ ពាក់មី បានសរសេរថា «ផ្ញើជូនទៅសង្សារ បើនិយាយមិនចេះស្តាប់គ្នា សុំបែកគ្នាត្រឹមនឹងចុះ!។ បទ ខ្លាចកូរ៉ូណា សុំសង្សារបែក, ច្រៀងថតលេង កំដរអារម្មណ៍បងប្អូនដែលនៅផ្ទះមិនចេញទៅណា ដើម្បីជួយទប់ស្កាត់ការឆ្លងជំងឺកូវីត១៩..!»

សូមស្តាប់ចម្រៀងដូចខាងក្រោម៖