(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសផ្ទេរអ្នកចាំទី អោម ឧត្តម ទៅកាន់ក្លិបវិសាខាហើយ ក្រោមលក្ខខណ្ឌខ្ចីជើង នារដូវកាលឆ្នាំ២០២១ ខាងមុខ។

ការប្រកាសផ្ទេរអ្នកចាំទីដ៏មានបទពិសោធរូបនេះ ធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីវិសាខា បានប្រកាសចែកផ្លូវជាមួយអ្នកចាំទីជម្រើសជាតិ ជា វណ្ណសាក់ កាលពីម្សិលមិញ។ ដូច្នេះ អោម ឧត្តម នឹងក្លាយជាដៃគូថ្មីរបស់អ្នកចាំទី កែវ សុខសិលា ក្នុងការប្រជែងកៅអីជម្រើស ១១នាក់ដំបូង នារដូវកាលក្រោយ នៅវិសាខា។

គួរបញ្ជាក់ថា អោម ឧត្តម គឺជាកីឡាករទី៧ ដែលបានចាកចេញពីអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៤សម័យ បន្ទាប់ពីព្រះខ័នរាជស្វាយរៀងបានប្រកាសចែកផ្លូវជាមួយកីឡាករ ៦រូបកាលពីថ្មីៗ រួមមានកីឡាករ នេន សុធារដ្ឋ, នុប តុលា, ឈិន ឈឿន, ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell ព្រមទាំងកីឡាករប្រេស៊ីល គឺខ្សែបម្រើ Thiago និងខ្សែប្រយុទ្ធ Pedro Agusto៕