(ពិភពលោក)៖ សហភាពអឺរ៉ុប (European Union -EU) គឺជាអង្គការនៃបណ្តាប្រទេសអឺរ៉ុបដែលមានគោលដៅបង្កើនល្បឿនសមាហរណកម្មផ្នែកសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក។ លេខាធិការដ្ឋានរបស់សហភាពអឺរ៉ុបស្ថិតនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្ស៉ិក។

ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីសហភាពអឺរ៉ុបដូចខាងក្រោម៖

១៖ អំពីសហភាពអឺរ៉ុប
សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ វាគឺជាអង្គការថ្នាក់តំបន់មួយដែលបង្កើតឡើងដើម្បីបង្រួបបង្រួមលើវិស័យសេដ្ឋកិច្ច និងនយោបាយនៃប្រទេសជាសមាជិកដែលមានភូមិសាស្ត្រស្ថិតនៅទ្វីបអឺរ៉ុប។ នេះគឺជាស្ថាប័នសហប្រតិបត្តិការចុងក្រោយបំផុតនៅទ្វីបអឺរ៉ុប ដែលមានកំណើតចេញពីសហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប (European Coaland Steel Community-ECSC) នាឆ្នាំ១៩៥១ ហើយរហូតដល់ឆ្នាំ១៩៦៧ សហគមន៍នេះក៏បានក្លាយមកជាសហគមន៍អឺរ៉ុប (the European Community-EC)។

ស្ថាបនិកសហគមន៍អឺរ៉ុបមានចំនួន ៦ ប្រទេស ក្នុងនោះមានប្រទេសប៊ែលហ្ស៉ិក បារាំង អាល្លឺម៉ង់ខាងលិច អ៉ីតាលី លុចសំបួ និងហូឡង់។ ក្រោយមក មានប្រទេសមួយចំនួនទៀតបានចូលរួមជាមួយ EC ដូចជាប្រទេសដាណឺម៉ាក អៀរឡង់ ចក្រភពអង់គ្លេស ក្រិក ព័រទុយហ្កាល់ និងអេស្ប៉ាញ។ នៅឆ្នាំ១៩៩១ រដ្ឋាភិបាលនៃរដ្ឋជាសមាជិកទាំង ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអឺរ៉ុប ដែលគេស្គាល់ជាទូទៅថាសន្ធិសញ្ញាម៉ាសស្ត្រីច (Maastricht Treaty)។ បន្ទាប់មក សន្ធិសញ្ញានេះត្រូវបានអនុម័តដោយសភាថ្នាក់ជាតិនៃរដ្ឋជាសមាជិកទាំងអស់។

សន្ធិសញ្ញាម៉ាសស្ត្រីចបានប្តូរសហគមន៍អឺរ៉ុប (EC) ទៅជាសហភាពអឺរ៉ុប (EU)។ នៅខែឧសភា ឆ្នាំ២០០៤ ប្រទេសចំនួន ១០ ទៀតមានដូចជាប្រទេសស៉ីប សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី លីតូនី លីទុយអានី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី។ ប្រទេសទាំងនេះបានចូលរួមនាំឱ្យសហភាពអឺរ៉ុបមានសមាជិកទាំងអស់ចំនួន ២៥ ប្រទេស។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ ប្រទេសចំនួនពីរផ្សេងទៀត គឺប្រទេសរ៉ូម៉ានី និងប៊ុលហ្ការី បានចូលរួមជាមួយសហភាពអឺរ៉ុប។ ចុងក្រោយ គឺមានប្រទេសកូនពៅមួយទៀត គឺប្រទេសក្រូអាស៉ីបានចូលជាសមាជិក EU នៅឆ្នាំ២០១៣ សរុបទាំងអស់សហភាពអឺរ៉ុបនៅមានសមាជិក ២៨ ប្រទេស។

តាមការគ្រោងទុក ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ (Brexit) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីពន្យារពេលជាច្រើនលើកច្រើនសា ចាប់តាំងពីប្រជាជនអង់គ្លេសសម្រេចចិត្តចែកផ្លូវពីអឺរ៉ុបតាមរយៈការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦ មក។

ចំណុចដែលសំខាន់ ក្រុមអ្នកគាំទ្រដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបបានលើកឡើងថា សកម្មភាពនេះនឹងផ្តល់ឱ្យអង់គ្លេសនូវសេរីភាពយ៉ាងខ្លាំងក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាលើសកលលោក ខណៈកាលនៅជាសមាជិកសហភាពអឺរ៉ុប អង់គ្លេសអាចធ្វើពាណិជ្ជកម្មបាន ក្រោមបន្ទាត់កំណត់របស់សហភាពអឺរ៉ុបប៉ុណ្ណោះ។

សហភាពអឺរ៉ុបមានគោលដៅសំខាន់ៗមួយចំនួន ខណៈគោលដៅធំបំផុតគឺសំដៅពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច គោលនយោបាយការបរទេស សន្តិសុខ និងការការពារសុវត្តិភាព និងវិស័យយុត្តិធម៌ជាដើម។ យោងតាមសន្ធិសញ្ញាម៉ាសស្ត្រីច ប្រជាពលរដ្ឋក្នុងប្រទេសជាសមាជិកទាំងអស់ ត្រូវបានផ្ដល់សិទ្ធិជាពលរដ្ឋរបស់សហភាពអឺរ៉ុបទាំងមូល។ លើសពីនេះ ការត្រួតពិនិត្យព្រំដែនមិនសូវមានសភាពតឹងតែងទៀតទេ។ កិច្ចព្រមព្រៀងផ្នែកពន្ធគយ និងអន្តោរប្រវេសន៍ត្រូវបានគេតាក់តែងបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យពលរដ្ឋអឺរ៉ុបមានសិទ្ធិសេរីភាពកាន់តែច្រើនក្នុងការរស់នៅធ្វើការងារ និងសិក្សានៅក្នុងប្រទេសជាសមាជិកណាមួយក៏បាន។

គោលដៅធំមួយទៀតនៃសហភាពអឺរ៉ុប គឺការអនុវត្តសហភាពរូបិយវត្ថុ និងសេដ្ឋកិច្ច (Economicand Monetary Union-EMU) ដែលដាក់ឱ្យសមាជិកសហភាពអឺរ៉ុបទាំងអស់ប្រើប្រាស់នូវរូបិយវត្ថុរួមតែមួយ គឺប្រាក់អឺរ៉ូ (the euro)។

២៖ រចនាសម្ព័ន្ធ

* សភាអឺរ៉ុប
សភាអឺរ៉ុបជាស្ថាប័នកំពូលមួយក្នុងប្រព័ន្ធដឹកនាំនៃសហភាពអឺរ៉ុប ដែលតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋអឺរ៉ុបទាំងមូលតែម្តង។ សមាជិកនៃសភានេះ មានការកើនឡើងទៅតាមកំណើននៃប្រជាជនខ្លួនពីមួយអាណត្តិទៅមួយអាណត្តិ។ សមាជិកទាំងអស់ត្រូវឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាជននៅអឺរ៉ុប ក្នុងរយៈពេលជាទៀងទាត់ ៥ ឆ្នាំម្តង។

សភាអឺរ៉ុបមានតួនាទីសំខាន់ៗដូចជា៖
- ធ្វើការត្រួតពិនិត្យ និងអនុម័តច្បាប់ ឬថវិការបស់សហភាពអឺរ៉ុប ដែលប្រការនេះសភាអឺរ៉ុបមានសិទ្ធិស្មើៗគ្នានឹងក្រុមប្រឹក្សាទៅលើការសម្រេចចិត្តរួមគ្នា។
- ធ្វើការត្រួតពិនិត្យតាមលក្ខណៈប្រជាធិបតេយ្យលើស្ថាប័នផ្សេងៗនៃសភាពអឺរ៉ុប ដែលក្នុងនោះមានទាំងអំណាចក្នុងការបង្កើតឱ្យមានជាគណៈកម្មការស៉ើបអង្កេតផង។
- ធ្វើសេចក្តីសម្រេចទៅលើកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាបញ្ចូលសមាជិកថ្មី។

* ក្រុមប្រឹក្សាអឺរ៉ុប

ក្រុមប្រឹក្សាអឺរ៉ុបជាស្ថាប័នមួយដែលពេលខ្លះគេហៅថា ក្រុមប្រឹក្សារដ្ឋមន្ត្រីអឺរ៉ុប ដែលមានសមាជិកជារដ្ឋមន្ត្រីនៃរដ្ឋសមាជិកនីមួយៗ មានអំណាចពាក់កណ្តាលជាស្ថាប័ននីតិបញ្ញត្តិ និងពាក់កណ្តាលទៀតជាស្ថាប័ននីតិប្រតិបត្តិនៃសហភាពអឺរ៉ុប។ ក្រុមប្រឹក្សានេះមានសមាជិកមកពីប្រទេសសមាជិកទាំងអស់នៃសហភាពអឺរ៉ុប ដែលឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិ។

ក្រុមប្រឹក្សានេះក៏ជាវេទិកាមួយដែលរដ្ឋជាសមាជិកអាចការពារផលប្រយោជន៍ខ្លួន តាមរយៈអ្នកតំណាង និងរៀបចំឱ្យមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិផ្សេងៗ។ តំណាងរដ្ឋាភិបាលទាំងនេះត្រូវធ្វើការជួបជុំគ្នាជាទៀងទាត់ ក្នុងឋានៈជាក្រុមការងារឯកអគ្គរាជទូត ឬរដ្ឋទូត រដ្ឋមន្ត្រី ឬក្នុងនាមជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល នៅពេលដែលគេចេញសេចក្តីសម្រេចផ្សេងៗស្តីពីគោលនយោបាយ ឬគោលការណ៍ណែនាំផ្សេងៗក្នុងក្របខណ្ឌនៃសហភាពអឺរ៉ុប។

* គណៈកម្មាធិការអឺរ៉ុប
គណៈកម្មាធិការអឺរ៉ុបជាស្ថាប័នកំពូលបំផុតនៃសហភាពអឺរ៉ុបដែលកាន់អំណាចនីតិប្រតិបត្តិទាំងមូល ហើយត្រូវធ្វើការងារជាច្រើន ដូចជាធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ឬកិច្ចព្រមព្រៀងនានាដាក់ជូនទៅសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុសម្រេច។ គណៈកម្មាធិការនេះត្រូវមើលខុសត្រូវទៅលើការប្រតិបត្តិជាក់ស្តែង និងការចំណាយថវិកាទូទៅនៃសហភាពអឺរ៉ុបទាំងមូល។

លើសពីនេះទៀត គណៈកម្មាធិការនេះជាស្ថាប័នចម្បងមួយដែលមានអំណាចក្នុងការត្រួតពិនិត្យមើលថា តើប្រទេសជាសមាជិក ឬច្បាប់ថ្មីៗ ឬសន្ធិសញ្ញាដែលទើបតែបានបង្កើតថ្មីៗ គោរពតាមគោលការណ៍រួមនៃប្រព័ន្ធច្បាប់របស់សហភាពអឺរ៉ុបដែរឬទេ។

គណៈកម្មាធិការអឺរ៉ុបមានទីស្នាក់ការនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក មានសមាជិកចំនួន ២០ រូប ដែលជាតំណាងជ្រើសរើសចេញមកដោយរដ្ឋសមាជិក ហើយស្នើសុំការផ្តល់ទំនុកចិត្តពីសភាអឺរ៉ុបដែលមានរយៈពេលកាន់តំណែង ៥ ឆ្នាំ។

* គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច
គណៈកម្មការនេះជាស្ថាប័នពិសេសមួយទទួលបន្ទុកការពារ និងលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចដល់ប្រទេសទាំងអស់ដែលជារដ្ឋសមាជិកនីមួយៗនៃសហភាពអឺរ៉ុប ជាពិសេសគឺភាគីពាក់ព័ន្ធនានា ដូចជាក្រុមអ្នកវិនិយោគទុន និយោជក កម្មករ សហជីព សភាពាណិជ្ជកម្ម និងអ្នកប្រើប្រាស់នានា។

ជាស្ថាប័នពិគ្រោះ និងប្រឹក្សាយោបល់មួយ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននានាទាក់ទងទៅនឹងទិដ្ឋភាពសំខាន់ៗនៃគំនិតតួនាទីយ៉ាងសំខាន់ ដើម្បីសហប្រតិបត្តិការ និងរួបរួមជំរុញឲ្យការងារនេះមានសន្ទុះ និងប្រសិទ្ធភាពកាន់តែខ្លាំងទ្វេឡើង។

* ធនាគារកណ្តាលអឺរ៉ុប
ធនាគារកណ្តាលអឺរ៉ុបទទួលបន្ទុកគ្រប់គ្រង និងត្រួតពិនិត្យរូបិយបណ្ណរួមរបស់សហភាពអឺរ៉ុប ដែលមានឈ្មោះថា អឺរ៉ូ ដែលត្រូវបានគេអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៩ ដោយប្រទេសចំនួន ១១ ដែលមានដូចជាប៊ែលហ្ស៉ិក អេស្ប៉ាញ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៉ីតាលី ហ្វាំងឡង់ លុចសំបួ ហូឡង់ អូទ្រីស និងព័រទុយហ្កាល់។

ធនាគារនេះមានទីស្នាក់ការនៅក្នុងទីក្រុងហ្វែងហ្វដ ប្រទេសអាល្លឺម៉ង់ និងមានសិទ្ធិ-អំណាចសម្រេចដោយស្វ័យប្រវត្តិ និងឯករាជ្យលើគោលនយោបាយរូបិយវត្ថុសហភាពអឺរ៉ុបទាំងមូលតែម្តង ដូចជាការកំណត់អត្រាប្តូរប្រាក់ និងការប្រាក់ជាដើម។

* ធនាគារវិនិយោគអឺរ៉ុប
នេះជាស្ថាប័នរូបិយវត្ថុអន្តរជាតិមួយ សម្រាប់បម្រើសេវាកម្មកម្ចីដល់បរទេស ដែលជារដ្ឋសមាជិកនៃសហភាពអឺរ៉ុបទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងសេដ្ឋកិច្ចនៃរដ្ឋសមាជិកទាំងអស់កុំឱ្យគម្លាតនៃការអភិវឌ្ឍមានខ្លាំងពេក។

គម្រោងប្រាក់កម្ចីភាគច្រើនដែលធនាគារនេះបានផ្តល់ឱ្យគឺការកសាងផ្លូវដែក ផ្លូវជាតិ ផ្លូវអាកាស បរិស្ថាន និងធនាគារដៃគូមួយចំនួនទៀត ដើម្បីឱ្យមានកំណើនការងារធ្វើ និងសេដ្ឋកិច្ច។ ធនាគារវិនិយោគអឺរ៉ុបមានទីស្នាក់ការនៅក្នុងទីក្រុងលុចសំបួ។

* តុលាការយុតិ្តធម៌អឺរ៉ុប
នេះជាស្ថាប័នយុត្តិធម៌អន្តរជាតិថ្នាក់តំបន់មួយដែលមានតួនាទីចម្បងក្នុងការគ្រប់គ្រង និងត្រួតពិនិត្យពីការមិនគោរពច្បាប់ ឬបទប្បញ្ញត្តិ ឬសន្ធិសញ្ញាផ្សេងៗដែលសហភាពអឺរ៉ុបបានសម្រេចរួចរាល់ហើយ ដោយមានសមាសភាពចៅក្រមឯករាជ្យចំនួន ១៥ រូប និងមានទីស្នាក់ការនៅទីក្រុងលុចសំបួ។

ស្ថាប័ននេះមានសមត្ថកិច្ចក្នុងការធ្វើការបកស្រាយវិវាទច្បាប់ ដែលសហភាពអឺរ៉ុបបានអនុម័តរួចរាល់ហើយ តាមរយៈការស្នើសុំពីតុលាការថ្នាក់ជាតិ នៅពេលដែលមានភាពមិនច្បាស់លាស់កើតឡើង។ មិនតែប៉ុណ្ណោះ បុគ្គលឯកជន ឬប្រជាជនម្នាក់ៗនៅក្នុងសហភាពអឺរ៉ុបក៏អាចដាក់ពាក្យបណ្តឹងទៅតុលាការនេះបានដែរ ឱ្យតែកម្មវត្ថុនៃការប្តឹងនេះពាក់ព័ន្ធទៅនឹងស្ថាប័ននានារបស់សហភាពអឺរ៉ុប។

* តុលាការសវនកម្មអឺរ៉ុប
នេះគឺជាតុលាការមួយដែលមានយុត្តាធិការទៅលើការគ្រប់គ្រង និងការត្រួតពិនិត្យទៅលើការចំណាយនៃមូលនិធិរបស់សហភាពអឺរ៉ុប។ តុលាការនេះមានសិទ្ធិ និងអំណាចក្នុងការធ្វើសវនកម្មគ្រប់ស្ថាប័នទាំងអស់នៃសហភាពអឺរ៉ុប ដើម្បីធានាពីភាពស្អាតស្អំ និងការប្រើប្រាស់ថវិកាបានត្រឹមត្រូវចំខ្ទង់នៃសហភាពអឺរ៉ុប និងស្ថាប័នថ្នាក់ក្រោមផ្សេងៗទៀត។

៣៖ តើសហភាពអឺរ៉ុបស្ថិតនៅឯណា?

អឺរ៉ុបត្រូវចែកចេញពីទ្វីបអាស៉ីខាងកើតដោយខ្សែទឹកនៃជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និងខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុបត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង មហាសមុទ្រអាត្លង់ទិកនៅខាងលិច សមុទ្រមេឌីទែរ៉ាណេនៅខាងត្បូង និងសមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។

គួរចាប់អារម្មណ៍ថា បើនិយាយពីប្រទេសនៅទ្វីបអឺរ៉ុបមានប្រមាណ ៥០ ប្រទេស តែបើនិយាយពីសហភាពអឺរ៉ុបមានត្រឹមតែ ២៧ ប្រទេស ដូចបានរៀបរាប់រួចមកហើយ។ នៅទ្វីបអឺរ៉ុបប្រទេសដែលធំជាងគេគឺប្រទេសរុស្ស៉ី ឯប្រទសតូចជាងគេគឺបុរីវ៉ាទីកង់៕