(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាហាមឃាត់ការលក់រថយន្តដែលប្រើសាំងឲ្យបាន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីងាកទៅជំរុញការប្រើប្រាស់រថយន្តលក្ខណៈហៃប្រ៊ីដ (Hybrid) ឬរថយន្តប្រើថាមពលអគ្គិសនីវិញ ដែលស្របជាមួយបរិបទសកលនៃការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តទូទៅដែលប្រើសាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

គោលដៅខាងលើនឹងដើរតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យោស៉ីហ៉ីដេ (Suga Yoshihide) កាលពីខែតុលាកន្លងទៅ ដែលចង់ឲ្យប្រទេសលោក កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឲ្យមកធ្លាក់នៅកម្រិតសូន្យតែម្តង ក្នុងឆ្នាំ២០៥០ ហើយវាក៏ធ្វើឲ្យជប៉ុនក្លាយជាប្រទេស G7 ទីពីរ ដែលបានដាក់កាលកំណត់លែងឲ្យមានការលក់រថយន្តប្រើសាំងបែបនេះ បន្ទាប់ពីចក្រភពអង់គ្លេសដែលបានប្រកាសដាក់កាលបរិច្ឆេទប្រហាក់ប្រហែលគ្នា កាលពីប៉ុន្មានសប្តាហ៍មុន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅនេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងបញ្ឈប់លែងឲ្យមានការលក់រថយន្តប្រើសាំងលឿនជាងការគ្រោងទុក៥ឆ្នាំ គឺក្នុងឆ្នាំ២០៣០ នៅក្រោមផែនការពណ៌បៃតង របស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ ថ្មីៗកន្លងទៅនេះ ជប៉ុនក៏ដូចជាកូរ៉េខាងត្បូងនិងចិន សុទ្ធតែបានប្រកាសកំណត់គោលដៅជាក់លាក់ ក្នុងការកាត់បន្ថយនិងបញ្ចប់ ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដើម្បីទប់ទល់បញ្ហាកើនឡើងកម្តៅនៃផែនដី៕