(សៀងហៃ)៖ ក្រុមហ៊ុនផលិតយានជំនិះស្វ័យប្រវត្តិរបស់ប្រទេសចិនឈ្មោះថា AutoX ដែលមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba Group នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ថា ខ្លួនបានចាប់ផ្តើមការធ្វើតេស្តលើបច្ចេកវិទ្យាគ្មានមនុស្សបើកទាំងស្រុងក្នុងប្រទេសចិន ជាមួយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Fiat Chrysler Automobiles។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន AutoX នឹងមានក្រុមរថយន្តគ្មានមនុស្សបញ្ជាបើកបរសរុប២៥គ្រឿង នៅទីក្រុង Shenzhen ហើយ៥គ្រឿងនៅតាមទីក្រុងដទៃទៀត ដើម្បីធ្វើតេស្តបច្ចេកវិទ្យារបស់ខ្លួន។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បានកែច្នៃយានជំនិះមកពីក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងៗគ្នា ហើយធ្វើការសាកល្បងពួកវាក្នុងទីក្រុង Shenzhen ផ្ទាល់ និងនៅទីក្រុងមួយចំនួនទៀតក្នុងប្រទេសចិន ដូចជា Shanghai, Guangzhou, Wuhan និង Wuhu។

ដោយពុំដូចក្រុមហ៊ុនជាគូប្រជែងគឺ WeRide និង Baidu ឡើយ ដែលកំពុងធ្វើតេស្តយានជំនិះគ្មានមនុស្សបើកផ្ទាល់របស់ពួកគេ នៅក្នុងប្រទេសចិន ប៉ុន្តែប្រើប្រាស់មជ្ឈមណ្ឌលបញ្ជាពីចម្ងាយមួយ ដើម្បីគ្រប់គ្រងយានជំនិះក្នុងករណីចាំបាច់ ក្រុមហ៊ុន AutoX នឹងមិនប្រើប្រាស់មជ្ឈមណ្ឌលបញ្ជាពីចម្ងាយបែបនេះឡើយ។

ក្រៅពីនេះនៅក្នុងប្រទេសចិន ក៏មានក្រុមហ៊ុនមួយចំនួនទៀតដូចជា Pony.ai និង Didi Chuxing ដែលកំពុងធ្វើតេស្តបច្ចេកវិទ្យារថយន្តគ្មានមនុស្សបើកផងដែរ ប៉ុន្តែនៅក្នុងរថយន្តរបស់ពួកគេ មានបុគ្គលិកសុវត្ថិភាពមួយឬពីរនាក់ ដើម្បីត្រៀមគ្រប់គ្រងយានជំនិះ ក្នុងករណីអាសន្ននឹកស្មានមិនដល់ណាមួយ

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា កំពុងតែផ្តោតការវិនិយោគទំហំរាប់ពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាយានជំនិះគ្មានមនុស្សបើកបរ ក្រោមគោលដៅប្រកួតប្រជែងគ្នានាំមុខនៅក្នុងវិស័យ ដែលមនុស្សភាគច្រើនចាត់ទុកថា ជាអនាគតនៃការធ្វើដំណើរ៕