(អាមេរិក)៖ ស្របពេល iPhone 12 កំពុងតែវាយលុកទីផ្សារស្មាតហ្វូននាពេលចុងឆ្នាំ ២០២០ ស្រាប់តែមានព័ត៌មានលើកឡើងថា iPhone 12 ជាច្រើនគ្រឿងបានជួបបញ្ហាសេវានៅពេលប្រើ 5G និង 4G។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងវេទិការ Forum របស់ Apple មានអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារថា iPhone 12 របស់ពួកគេ បានជួបបញ្ហាបាត់សេវានៅពេលដែលពួកគេប្រើ 5G និង 4G ជាពិសេសគឺប្រើជាមួយក្រុមហ៊ុន Verizon និង AT&T។

ជាមួយគ្នានោះក៏មានអ្នកប្រើនៅតាមបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀតក្រៅពីអាមេរិក ក៏បានបញ្ចេញសារដូចគ្នាផងដែរ ដោយ ភាគច្រើនគឺបាត់សេវានៅពេលពួកគេប្រើ 5G។ ចំណែកនៅលើបណ្ដាញ Reddit ដ៏ល្បីរបស់អាមេរិកវិញ ក៏មានអ្នកប្រើប្រាស់មួយ ចំនួនបានបង្ហោះសារថា ពួកគេបានជួបបញ្ហានេះនៅពេលពួកគេធ្វើដំណើរតាមរថយន្ត ពោលគឺវាលោតទៅកំណត់ Airplane mode ដោយស្វ័យប្រវត្តិ ឬក៏ពួកគេត្រូវចុចបិទ/បើក Airplane mode ទើបដំណើរការឡើងវិញ។

បើតាមអ្នកជំនាញបានលើកឡើងថា វាប្រហែលជាមកពីការផលិត iPhone 12 របស់ Apple មិនទាន់សមស្របទៅតាមស្ថានការណ៍ ឬបរិបទនៃបច្ចេកវិទ្យា 5G ពោលគឺបច្ចេកវិទ្យា និងបច្ចេកទេសនៅមិនទាន់ដំណើការស៊ីគ្នា ល្អ។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Apple បានឆ្លើយបតថា នៅពេលនេះក្រុមហ៊ុនអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេត និងស្វែងរកមូលហេតុ៕