(ភ្នំពេញ)៖ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានបើកសម្ភោធការិយាល័យ RHB PREMIER BANKING របស់ខ្លួនលើកដំបូងជាផ្លូវការហើយនៅកម្ពុជា ដោយផ្តល់ជូននូវកន្លែងធ្វើប្រតិបត្តិការ និងសេវាកម្មយ៉ាងល្អឥតខ្ចោះ (RHB PREMIER SERVICE) ដែលត្រូវបានធ្វើការរចនាឡើង ដើម្បីឆ្លើយតបជាមួយតម្រូវការអតិថិជន ដោយផ្តល់ជូននូវលក្ខណៈកាន់តែងាយស្រួលនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។

សម្រាប់ការបើកសម្ពោធការិយាល័យ Premier Banking នេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចង់ឲ្យអតិថិជន PREMIER ទទួលបាននូវសេវាកម្មកាន់តែល្អបន្ថែមទៀត និងបំពេញនូវសេចក្តីត្រូវការយ៉ាងខ្ជាប់ខ្ជួន ហើយក៏មានការរំពឹងទុកដែលថា ១០% នៃអតិថិជនសរុប ៣៥,០០០នាក់ ដែលប្រើប្រាស់សេវារបស់ធនាគារ នឹងប្តូរមកប្រើសេវាកម្ម RHB PREMIER BANKING ដែលជាការិយាល័យថ្មីមានទីតាំងស្ថិតនៅក្នុងការិយាល័យកណ្តាលរបស់ខ្លួន ក្នុងរាជធានីភ្នំពេញផងដែរ។

លោក វង្ស គីប៉ អគ្គនាយកធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានបញ្ជាក់ថា «យើងខ្ញុំមានគម្រោងបើកកន្លែងទទួលភ្ញៀវជាលក្ខណៈឯកជន បែបសេវាកម្ម RHB PREMIER BANKING នេះឲ្យកាន់តែល្អឥតខ្ចោះ បន្ថែមចំនួន ២ទៅ៣កន្លែងទៀត នាពេលអនាគត ដើម្បីផ្តល់ជូននូវលក្ខណៈកាន់តែងាយស្រួលនូវតម្រូវការសេវា របស់ធនាគារជូនទៅអតិថិជនផងដែរ»

លោកអគ្គនាយកបញ្ជាក់ទៀតថា «ដោយមើលឃើញពីឱកាសលើសេវាកម្មនេះ សម្រាប់អតិថិជនមានសក្តានុពលភាពខ្ពស់ ហើយយើងមានគោលបំណងបង្កើនអាជីវកម្មនេះឡើង ហើយយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អរហូតដល់ ៣០% នៅឆ្នាំ២០២២ ស្របតាមភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា»

លោកបន្តថា សម្រាប់ RHB PREMIER BANKING គឺធនាគារមានក្រុមអ្នកគ្រប់គ្រងទំនាក់ទំនងភ្ញៀវ ដែលមានបទពិសោធន៍ ផ្តល់ជូនអតិថិជន RHB PREMIER BANKING នូវដំណោះស្រាយផ្នែកទ្រព្យសម្បត្តិរបស់អតិថិជន ដើម្បីជួយសម្រេចគោលដៅហិរញ្ញវត្ថុ និងតម្រូវការរបៀបរស់នៅជាលក្ខណៈពិសេស និងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម។ មួយវិញទៀតកាន់ងាយស្រួល ក្នុងការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ ជាមួយនឹងបណ្តាញធនាគារដែលមានលក្ខណៈឯកជន ដែលអាច ដំណើរការបានយ៉ាងងាយស្រួល រួចមានសេវាកម្មធនាគារ តាមប្រព័ន្ធអិនធើណិត និងសេវាកម្មធនាគារតាមទូរស័ព្ទដៃ ក៏ដូចជាបណ្តាញថែទាំអតិថិជនផងដែរ។

លោកបន្តទៀតថា សេវាកម្មបែបទាន់សម័យមានលក្ខណៈឯកជន រួមទាំងឱកាសចូលរួមក្នុងព្រឹត្តិការណ៍ RHB PREMIER ដែលទាក់ទាញចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អតិថិជន ដោយជួយសម្រួលដល់ការពង្រីកបណ្តាញវិជ្ជាជីវៈ និងទំនាក់ទំនងអាជីវកម្ម។ អតិថិជន RHB PREMIER BANKING នឹងទទួលបានសេវាកម្មធនាគារឯកជនដំបូងគេនៅកម្ពុជា ដែលទទួលបានសេវាកម្មប្រអប់សុវត្ថិភាព ដែលអាចឲ្យអតិថិជន រក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃយ៉ាងមានសុវត្ថិភាព ហើយអតិថិជននឹងទទួលបានសិទ្ធិពិសេស នូវកន្លែងអង្គុយសម្រាក និងការធ្វើដំណើរជាលក្ខណៈឯកជន នៅអាកាសយានដ្ឋាន ដោយឥតកំណត់ នៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងនៅអាកាសយានដ្ឋាន ក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

ទន្ទឹមនឹងការដាក់ឲ្យដំណើរការនូវការិយាល័យ RHB PREMIER BANKING អតិថិជនក៏អាចមានឱកាសឈ្នះ រង្វាន់នាឡិកាដៃទំនើបមួយក្នុងចំណោមបួន (៤)គ្រឿងដែលមានតម្លៃ ១៥,០០០ដុល្លារក្នុងមួយគ្រឿង និង iPad ចំនួន២០គ្រឿង នៅក្នុងកម្មវិធីផ្សព្វផ្សាយ ដាក់ប្រាក់បញ្ញើគណនីធនាគារ RHB PREMIER BANKING ដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ អតិថិជនអាចទៅទទួលសេវាកម្មផ្ទាល់ នៅការិយាល័យកណ្ដាលនៅផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៩៣ មួយវិញទៀតអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 023 992 833/1-800-20- 8118 ឬគេហទំព័រ www.rhbgroup.com.kh៕