(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានបន្តបង្ហាញពីចំណុចខ្លាំងរបស់ខ្លួន តាមរយៈបន្តធ្វើជាម្ចាស់ពានរង្វាន់ ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia's Best Employer Brand award) ប្រចាំឆ្នាំ២០២០ ក្នុងពិធីប្រចាំឆ្នាំលើកទី១១ ដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress កាលពីខែតុលាថ្មីៗនេះ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស បានថ្លែងថា «ស្របតាមចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប វីងមិនត្រឹមតែ ដើរតួរយ៉ាងសំខាន់ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានពានរង្វាន់នេះ បានបង្ហាញពីការតាំងចិត្តដ៏មុតមាំ សម្រាប់បុគ្កលិករបស់ខ្លួន។ យើងបានវិនិយោគលើបុគ្គលិករបស់យើង ក្នុងការកសាងសមត្ថភាពរបស់ពួកគេ ឲ្យក្លាយជាអ្នកដឹកនាំពោពេញទៅដោយថាមពល តាមរយៈកម្មវិធីអភិវឌ្ឍន៍ជាច្រើន និងបានផ្តល់ឱកាសដល់ពួកគេ សម្រាប់ការរីកចម្រើនផងដែរ»

ដោយមានអ្នកជំនាញជិត២០០០នាក់ មកពីជាង១៣៣ប្រទេស The World HRD Congress បានទទួលស្គាល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដោយរួមមាន៖ ក្រុមហ៊ុនសែលកាត (Cellcard) និងក្រុមហ៊ុនអ៊ីស៊ីខម Ezecom ផងដែរ។ The World HRD Congress ជាអង្គការឯករាជ្យ មិនរកប្រាក់ចំណេញមួយ ដែលមានទិសដៅធ្វើឲ្យការងារ និងជីវិតរស់នៅកាន់តែល្អប្រសើរឡើង។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស នៃធនាគារឯកទេស វីង បានឲ្យដឹងថា «វីងផ្តល់ឱកាសជាច្រើនដល់បុគ្គលិក ដើម្បីឲ្យពួកគេអាចចែករំលែក ទស្សទាន ចូលរួមក្នុងការបង្កើតអ្វីថ្មីៗនិង ទទួលបានព័ត៌មានជាប្រចាំ ពីថ្នាក់ដឹកនាំតាមរយៈការជួបជុំ កម្មវិធីវប្បធម៌ក៏ដូចជាសកម្មភាព ជួយសហគមន៍ជាច្រើន ផ្សេងទៀត។ វីងប្តេជ្ញារក្សារគោលដៅរបស់យើង ឲ្យក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតក្នុងព្រះរាជាណាចក្រ សម្រាប់អ្នកស្វែងការងារ»

វិទ្យាស្ថាន The Employer Branding Institute និង World HRD Congress បានអបអរសាទរចំពោះវីង ក្នុងការទទួលបានភាពជោគជ័យ លើការលើកកម្ពស់ បរិយាកាសការងារ ប្រកបដោយភាពវិជ្ជមាន។ World HRD Congress លើកទឹកចិត្តដល់ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត សូមបន្តនូវកិច្ច ការងារដ៏ល្អ និងចែករំលែកការអនុវឌ្ឍន៍ដ៏ប្រសើរទាំងនេះដល់អ្នកផ្សេងទៀត ដើម្បីបង្កើតបានជាកន្លែងធ្វើការដ៏ល្អនិងមានវប្បធម៌ប្រសើរ។

«ពានរង្វាន់នេះ នឹងជួយពង្រីកវិសាលភាព និងលើកទឹកចិត្តនិយោជិករបស់ធនាគារឯកទេសវីង ឲ្យធ្វើអ្វីៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ស្ថាប័នពួកគេ»។ នេះបើតាមសារអបអរសាទរ តាមប្រព័ន្ធអេឡិចត្រូចនិចរបស់ World HRD Congress។

វីង មានគោលបំណងជាក់លាក់ដើម្បីពង្រឹងស្ថាប័នមួយនេះ ឲ្យក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត។ ក្នុងនាមជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បុគ្គលិករបស់វីង បានកើនឡើងជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងកំណើននៃអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ បុគ្គលិកវីង បានកើនឡើងដល់ទៅ៤៥១នាក់ ស្មើនឹង២២% បើប្រៀបធៀបកាលពីឆ្នាំទៅ។ វីងបានបន្តបង្កើនចំនួនបុគ្គលិករបស់ខ្លួន រហូតដល់ទៅ៥៨៩នាក់ ក្នុងឆ្នាំ២០២០ បើទោះបីមានការរីករាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

តាមរយៈការប្តេជ្ញាចិត្តរបស់វីង ចំពោះការរក្សានិងអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួន វីងបានជោគជ័យបង្កើតកម្មវិធីពង្រឹងសមត្ថភាពរបស់បុគ្គលិកជាច្រើន។ ក្នុងឆ្នាំកន្លងទៅ វីងបានប្រើប្រាស់ពេល១១០០០ម៉ោង ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ដល់ជាង៤៤៥និយោជិក ដោយរួមបញ្ចូលទាំងបុគ្គលិកចាស់ និងបុគ្គលិកថ្មី។

លើសពីនេះទៅទៀត ជារៀងរាល់ឆ្នាំ វីងផ្តល់ឱកាសដល់និស្សិតមកពីស្ថាប័នផ្សេងៗនៃគ្រឹះស្ថាន ឧត្តមសិក្សាជាច្រើនដើម្បីចុះកម្មសិក្សា ហើយ៧៥%នៃពួកគេ បានក្លាយជាបុគ្គលិកពេញម៉ោងរបស់វីង។

វីង បានចូលរួមចំណែកជួយដល់សហគមន៍ជាច្រើន តាមរយៈការបន្តលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ឲ្យចូលរួមកិច្ចការសង្គមនានារួមមាន៖ កិច្ចការសប្បុរសធម៌ ការបរិច្ចាគនិងឧបត្ថម្ភ ការថែរក្សាបរិស្ថាន កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងកម្មវិធីពង្រឹងសិទ្ធិអំណាចយេនឌ័រជាដើម៕