(ម៉ានីល)៖ ស្តេចប្រដាល់របស់ហ្វីលីពីនលោក ម៉ាននី ប៉ាកគីអៅ (Manny Pacquiao) ត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច (PDP-Laban) នៅប្រទេសហ្វីលីពីនហើយ ខណៈអ្នកវិភាគនានាបានមើលឃើញថា លោកកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Punch នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

លោក ប៉ាកគីអៅ ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីនវ័យ ៤១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានគណបក្ស PDP-Laban របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គី ឌូតឺតេ មួយនេះកាលពីថ្ងៃយប់ថ្ងៃពុធ (ម៉ោងនៅម៉ានីល) ហើយព័ត៌មាននេះត្រូវបានប្រកាស ដោយលោក រ៉ូន មុនសាយ៉ាក (Ron Munsayac) ប្រធានប្រតិបត្តិរបស់គណបក្ស នៅមួយថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា ការឡើងកាន់តំណែងជាប្រធានបក្សកាន់អំណាច PDP-Laban ជំនួសលោក អាគីលីណូ ភីមិនទែល ទី៣ (Aquilino "Koko" Pimentel III) ខាងលើនេះត្រូវបានធ្វើឡើង នៅចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២។

ទោះបីជាអ្នកវិភាគជាច្រើននៅហ្វីលីពីន បានលើកឡើងថា លោក Manny Pacquiao ទំនងជាកំពុងឈានទៅរកតំណែង ជាប្រធានាធិបតិអាណត្តិថ្មីក្តី ក៏លោក Pacquiao ផ្ទាល់បានបកស្រាយថា «វាលឿនពេកហើយដែលត្រូវមកនិយាយ អំពីការបោះឆ្នោតប្រធានាធិបតីនោះ»៕