(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបតែទទួលបានការបញ្ជាទិញទ្រង់ទ្រាយធំឡើងវិញ ជាលើកដំបូងសម្រាប់ត្រកូលយន្តហោះ 737 MAX គិតចាប់តាំងតែពីពួកវាត្រូវបានបញ្ឈរជើងអស់រយៈពេល២០ខែ ក្រោយករណីធ្លាក់យន្តហោះត្រកូលនេះពីរគ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន Boeing បានទទួលការបញ្ជាទិញពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair សម្រាប់យន្តហោះ 737 MAX ចំនួន៧៥គ្រឿង។ ការបញ្ជាទិញធំនេះអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃទំនុកចិត្តចំពោះត្រកូលយន្តហោះ ដែលកំពុងស្ថិតលើគន្លងផ្លូវឆ្ពោះទៅរកការវិលត្រឡប់ទៅធ្វើប្រតិបត្តិការឡើងវិញ ក្រោយការដកបម្រាមកាលពីខែវិច្ឆិកាកន្លងទៅ ពីសំណាក់អាជ្ញាធរអាកាសចរណ៍អាមេរិក FAA។

បើតាមអាកាសចរណ៍ Ryanair ផ្ទាល់ ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយ Boeing ដើម្បីទិញយន្តហោះ 737 MAX-8200 ៧៥គ្រឿង ក្នុងតម្លៃខ្ទង់៧ពាន់លានដុល្លារ។ ប្រការនេះធ្វើឲ្យចំនួនសរុបនៃត្រកូតយន្តហោះ Boeing 737 MAX ដែល Ryanair បានបញ្ជាទិញឡើងដល់២១០គ្រឿង ជាមួយតម្លៃសរុបជាង២២ពាន់លានដុល្លារ។ យន្តហោះទាំងនេះ នឹងត្រូវប្រគល់ឲ្យអាកាសចរណ៍ Ryanair ក្នុងចន្លោះពេល៤ឆ្នាំ គឺរវាងឆ្នាំ២០២១និងឆ្នាំ២០២៤។

គួរបញ្ជាក់ថា យន្តហោះ 737 MAX ត្រូវបានផ្អាកមិនឲ្យធ្វើប្រតិបត្តិការនៅជុំវិញពិភពលោកអស់រយៈពេលជិត២ឆ្នាំ បន្ទាប់ពីយន្តហោះនេះពីរគ្រឿងបានធ្លាក់ និងបណ្តាលឲ្យមនុស្សស្លាប់សរុប៣៤៦នាក់ ក្នុងនោះមួយករណីបានកើតឡើងនៅឥណ្ឌូណេស៉ីកាលពីខែតុលា ឆ្នាំ២០១៨ និងមួយករណីទៀតនៅអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩៕