(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal រកបាន ១៥ពិន្ទុកក់កៅអីឡើងវគ្គ ១៦ក្រុម ក្រោយពីបានយកឈ្នះក្រុម Rapid Vienna ៤-១ ក្នុងទឹកដីនៅចំពោះមុខអ្នកគាំទ្រប្រមាណជាង ២ពាន់នាក់ ខណៈអ្នកចាត់ការទូទៅ លោក Mikel Arteta លើកឡើងថា «នេះជាជ័យជម្នះ ដ៏ពិសេសសម្រាប់រាត្រីនេះ» នៃការប្រកួតប្រចាំពូល B លើកទី៥ ពានរង្វាន់លីគអឺរ៉ុប UEL។នេះបើតាមចេញផ្សាយដោយ BBC នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

វាមានរយៈពេល ២៧១ថ្ងៃហើយសម្រាប់ក្រុមអ្នកគាំទ្ររបស់ Arsenal ដែលវិលត្រឡប់មកកីឡដ្ឋាន Emirates បន្ទាប់ពីបានទស្សនាលើកចុងក្រោយនៅពេលប៉ះ West Ham United កាលពីខែមីនា ហើយនេះជាការវិលមកវិញប្រមាណជាង ២ពាន់នាក់ជាថ្មីម្តងទៀតសម្រាប់ការប្រកូតប្រចាំពូល B ដែលក្រុមកាំភ្លើងធំបំបាក់ក្រុមគូប្រជែង Rapid Vienna។

៤គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ ៤រូបផ្សេងគ្នាផងដែររួមមាន Alexandre Lacazette នៅនាទីទី១០ និងមិត្តរួមក្រុម Pablo Mari, Edward Nketiah និងកីឡាករ Emile Smith Rowe ខណៈគូប្រជែងរកបានតែ ១គ្រាប់ដោយកីឡាករ Koya Kitagawa នៅនាទី៤៧ ស្របពេល Molde ក៏បានយកឈ្នះក្រុម Dundalk ៣-១។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់អង់គ្លេស Arsenal កក់គៅអីឡើងវគ្គ ១៦ក្រុម ជាមួយ ១៥ពិន្ទុ ដោយនៅសល់ ១ប្រកួតនៅទឹកដីក្រុម Dundalk គ្រាដែល Rapid Vienna ត្រូវជួប Molde នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សប្តាហ៍ក្រោយដូចគ្នា៕