(ពិភពលោក)៖ នៅក្នុងការសិក្សាពីទំនាក់ទំនងអន្តរជាតិ និងតាមបណ្តាញសារព័ត៌មាន គេតែងតែសង្កេតឃើញមានពាក្យថា «G7» ដែលជាអង្គការអន្តររដ្ឋាភិបាលដ៏មានឥទ្ធិពលមួយនៅលើពិភពលោក។ តើអ្នកដឹងទេ ពាក្យពីរម៉ាត់នេះមានអត្ថន័យបែបណា?

G7 មាន័យថា Group of 7 ឬមានអត្ថន័យជាខេមរភាសាថា «ក្រុមប្រទេសទាំង៧»។ នេះគឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលប្រមូលផ្តុំទៅដោយប្រទេសអ្នកមាន ដូចជាប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ក៏ដូចជាតំណាងសហគមន៍អឺរ៉ុបតែងតែជួបគ្នានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ G7 ដែលបានធ្វើឡើងតាមពេលវេលាទៀងទាត់។ គិតត្រឹមឆ្នាំ២០១៨ G7 ត្រូវបានគេវាយតម្លៃថាតំណាងឱ្យ ៥៨% នៃទ្រព្យសម្បត្តិសរុបរបស់ពិភពលោក ឬច្រើនជាង ៤៦% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ពីដំបូងឡើយ ប្រទេសរុស្ស៉ីក៏ជាសមាជិកក្នុងក្រុមប្រទេសទាំងនេះដែរ ឬគេស្គាល់ថា G8 ប៉ុន្តែសហព័ន្ធរុស្ស៉ីត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រួមដៃគ្នាជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀតបណ្ដេញចេញពីក្រុម G8 កាលពីឆ្នាំ២០១៤ ក្រោយពីរដ្ឋាភិបាលនៃទីក្រុងមូស្គូ ក្រសោបយកតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែន។

បើតាមគេហទំព័ររបស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា G7 ដើមឡើយជា G8 ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ គឺជាវេទិកាក្រៅផ្លូវការមួយ ដើម្បីប្រមូលផ្តុំមេដឹកនាំនៃប្រទេសឧស្សាហកម្មឈានមុខគេនៅលើពិភពលោក។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំ G7 មានរយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានអភិវឌ្ឍទៅជាវេទិកាមួយសម្រាប់កំណត់ទិសដៅនៃការជជែកពហុភាគី និងការធ្វើនយោបាយឆ្លើយតបទៅនឹងបញ្ហាពិភពលោក។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ G7 មានសមត្ថភាពក្នុងការរៀបចំរបៀបវារៈពិភពលោក ពីព្រោះការសម្រេចចិត្តដែលធ្វើឡើងដោយមហាអំណាចសេដ្ឋកិច្ចធំៗទាំងនេះមានផលប៉ះពាល់ជាក់ស្តែង។ ទិសដៅនយោបាយដែលកំណត់ដោយមេដឹកនាំទាំងនេះលើបញ្ហាគោលនយោបាយនឹងមាន «ឥទ្ធិពល» នៅទូទាំងអង្គការអន្តរជាតិ និងស្ថាប័នអន្តរជាតិជាច្រើនទៀត។ ដូច្នេះការសម្រេចចិត្តនៅឯ G7 មិនមានលក្ខណៈស្របច្បាប់នោះទេ ប៉ុន្តែវាមានឥទ្ធិពលនយោបាយខ្លាំង។

គួរកត់សម្គាល់ថា G7 ក៏បានក្លាយជាបណ្តុំនៃក្រុមប្រទេសរីកចម្រើនដែលបានយាយីដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនផងដែរ ជាពិសេសអ្វីដែលគេកត់សម្គាល់ខ្លាំងជាងគេនៅឆ្នាំ២០២០ គឺបញ្ហាជុំវិញគម្រោងអនុម័តច្បាប់ស្តីពីសន្តិសុខជាតិនៅទីក្រុងហុងកុង។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយស្តីពីកិច្ចការហុងកុង ដែលបានចេញដោយរដ្ឋមន្ត្រីការបរទេសនៃក្រុម G7 កាលពីខែមិថុនា ឆ្នាំ២០២០ បានអះអាងថាច្បាប់សន្តិសុខជាតិទីក្រុងហុងកុងនោះ គឺជាការគំរាមកំហែងដល់សិទ្ធិមនុស្សជាមូលដ្ឋាន និងស្វ័យភាពរបស់ទីក្រុងនេះ។

អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ កិច្ចប្រជុំប្រចាំឆ្នាំ២០២០ ដែលសហរដ្ឋអាមេរិកត្រូវធ្វើជាម្ចាស់ផ្ទះ លោក ដូណាល់ ត្រាំ បានបង្ហាញពីឆន្ទៈចង់ឃើញប្រទេសបួនទៀត រួមមានប្រទេសឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង ជាពិសេសប្រទេសរុស្ស៉ី ចូលមកក្នុង G7 វិញផងដែរ។ លោកអះអាងថា ការធ្វើនេះដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ ដែលជាបញ្ហាពិភពលោកទាំងមូល មិនមែនជារបស់ G7 តែមួយក្រុមឡើយ៕

ប្រភព៖ គេហទំព័រផ្លូវការ EU និងគេហទំព័រល្បីៗរបស់ពិភពលោក សម្រួលអត្ថបទដោយ Fresh News Plus