(ភ្នំពេញ)៖ ជាការពិតកវីនិពន្ធលោក Tho Meet បានហក់ចូលរួមជាមួយផលិតកម្មហង្សមាស បានប្រមាណ ២ខែមកហើយ។ ក្នុងរយៈពេលនេះ លោកបានធ្វើបទឲ្យតារាចម្រៀងជួរមុខ របស់ហង្សមាសស្ទើរទាំងអស់ច្រៀង ហើយភាគច្រើន គឺទទួលបានការពេញនិយម។ ជាក់ស្ដែងថ្មីៗនេះ លោកបានបញ្ចេញស្នាដៃប្លែកមួយទៀត ជូនដល់តារាចម្រៀង សុគន្ធ និសា គឺបទ «ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!» ដែលមានអត្ថន័យសរសើរពីការទទួលខុសត្រូវរបស់ប្ដី ចំពោះភរិយាខ្លួន ក្នុងការមើលថែ មិនឲ្យប្រពន្ធខកបំណងឡើយ។

លោក Tho Meet ជាអ្នកនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀង បានថ្លែងប្រាប់ Fresh News Plus ថា លោករីករាយមែនទែន និងភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថា ស្នាដៃថ្មីរបស់លោកមួយនេះ ទទួលបានការចាប់អារម្មណ៍ច្រើនយ៉ាងនេះ។ លោកបានចូលអាន Comment របស់ប្រិយមិត្តជាច្រើនទាំងរំភើប ក្នុងនោះលោកថា ពួកគេលើកសរសើរច្រើន។

លោកថ្លែងថា «ខ្ញុំឃើញខ្លះគាត់សរសើរលើសាច់ភ្លេង ហើយខ្លះក៏សរសើរ ចំពោះចំណងជើងថា ប្លែកទាក់ទាញ និងបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ។ ខ្ញុំសូមអរគុណ ដល់បងប្អូនដែលតែងតែគាំទ្រស្នាដៃ ថ្មីពីខ្ញុំបាទ THO MEET សូមកម្លាំងចិត្តម្នាក់មួយមក ខ្ញុំនឹងមានអ្វីដែលថ្មីៗបន្តទៀតសំរាប់បងប្អូន»

បទចម្រៀងថ្មី «ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!» ទើបតែចេញជា វីដេអូសំឡេង (Video Audio) ផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។ ដោយឡែក វីដេអូចម្រៀងផ្លូវការ មិនទាន់មានដំណឹងចេញពេលណានៅឡើយទេ។

ចាប់តាំងពីបានចូលរួម ជាមួយហង្សមាសប្រមាណ ២ខែមក អ្នកនិពន្ធ Tho Meet បានបញ្ចេញស្នាដៃយ៉ាងច្រើន ឲ្យស្ទើរគ្រប់តារាចម្រៀងល្បីៗ ក្នុងផលិតកម្មនេះ ហើយថ្មីៗនេះ លោកទើបនឹងធ្វើបទឲ្យ សុគន្ធ និសា មួយបទ ឃើញថា មានការគាទ្រច្រើនពីមហាជនតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បទមនោសញ្ចេតនាលើកសរសើរពីស្វាមីមួយនេះ ទទួលបានការគាំទ្រខ្លាំង ពោលគឺគ្រាន់តែចេញបានតែ ២ថ្ងៃប៉ុណ្ណោះ មានអ្នកចុចស៊ែរបន្តជាង ២ម៉ឺននាក់ និងមានអ្នកទស្សនា ដល់ទៅជិត១លានដងឯណោះ។ សមិទ្ធផលមួយនេះ បានធ្វើឲ្យអ្នកនិពន្ធ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕