(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន Uber នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្នើមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) ឲ្យពិចារណាចាត់បញ្ចូលសេវាកម្មនិងបុគ្គលិករបស់ខ្លួន ទៅក្នុងក្រុមអ្នកដែលនឹងទទួលបានការផ្តល់វ៉ាក់សាំង COVID-19 ដំបូងៗគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់គណៈកម្មាធិការ ណែនាំរបស់ US-CDC ទទួលបន្ទុកផ្នែកវ៉ាក់សាំង ក្រុមហ៊ុន Uber បាននិយាយថា បុគ្គលិករបស់ខ្លួនផ្តល់មធ្យោបាយដឹកជញ្ជូនដែលពោរពេញដោយសារៈសំខាន់ សម្រាប់អ្នកដែលធ្វើការក្នុងវិស័យចាំបាច់នានា ហើយអនុញ្ញាតឲ្យអ្នកដទៃទៀតស្នាក់នៅផ្ទះ ហើយបញ្ជាទិញម្ហូបអាហារដោយសុវត្ថិភាព។ បើតាម Uber ការទទួលបានវ៉ាក់សាំងឆាប់រហ័សដំបូងៗគេ នឹងជួយឲ្យបុគ្គលិកខ្លួនបន្តដើរតួនាទីសំខាន់ទាំងនេះប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា សំណើរបស់ក្រុមហ៊ុន Uber បានកើតមានឡើង ខណៈដែលក្រុមឧស្សាហកម្មដទៃៗទៀត រួមមានទាំងផ្នែកផលិតអាហារ, ផ្នែកកសិកម្ម, ផ្នែកទំនិញទូទៅ និងផ្នែករថយន្តដឹកជញ្ជូនធុនធំជាដើម សុទ្ធតែកំពុងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអាមេរិក ផ្តល់អាទិភាពចំពោះបុគ្គលិកក្នុងឧស្សាហកម្មពួកគេ សម្រាប់ការទទួលបានវ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័ស។

បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង COVID-19 ណាមួយ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ឬជាផ្លូវការ នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែក្នុងខែធ្នូនេះ នឹងមានការបើកកិច្ចប្រជុំដើម្បីសម្រេចជុំវិញការអនុញ្ញាតឲ្យប្រើប្រាស់ពួកវា៕