(ភ្នំពេញ)៖ ទីបំផុតខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ជារី ចន្ថាប៊ីន ត្រូវបានក្លិបបាល់ទាត់វិសាខា ប្រកាសចុះកុងត្រានាំចូលត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ ជាផ្លូវការហើយ។ នេះបើតាមការជូនដំណឹងបណ្ដាញសង្គមផ្លូវការរបស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាល្ងាចសុក្រនេះ។

នេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើល ហើយក៏ជាការជម្រះនូវមន្ទិលសង្ស័យរបស់អ្នកគាំទ្រផងដែរ ចំពោះការវិលត្រឡប់មកប្រកបអាជីពបាល់ទាត់ជាលើកទី៣ នៅកម្ពុជា បន្ទាប់ពីអតីតសមាជិកក្រុមភ្នំពេញក្រោន និងអគ្គិសនីកម្ពុជារូបនេះ បានចាកចេញជាច្រើនឆ្នាំ ទៅលេងនៅក្លិបមួយចំនួន នៅលីគកំពូលម៉ាឡេស៊ី និងថៃ។

ជារី ចន្ថាប៊ីន បានទទួលអាវលេខ ៩៣ ដូចកាលនៅក្លិបចាស់ Perak ដែរ។ អ្វីដែលគួរឲ្យកត់ស្គាល់ រូបគេនឹងត្រូវរួមក្រុមជាមួយមិត្តចាស់ជាច្រើន ដែលធ្លាប់លេងជាមួយគ្នា នៅភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា ដូចជា កែវ សុខផេង, រ៉ឹង ប៊ុនហៀង, ច្រឹង ពលរដ្ឋ និងអ្នកចាំទី កែវ សុខសិលា ជាដើម ដែលគេរំពឹងថា នឹងធ្វើឲ្យវិសាខាកាន់តែរឹងមាំ សម្រាប់រដូវកាលថ្មី។

មកទល់ពេលនេះ វិសាខា បាននាំចូលសមាជិកថ្មី ២រូបហើយ ដោយមុនប្រកាសផ្លូវការអតីតសមាជិកក្រុមជម្រើសជាតិយុវជន U17 បារាំង ជារី ចន្ថាប៊ីន នៅព្រឹកថ្ងៃសុក្រនេះ ពួកគេក៏បានបង្ហាញអ្នកចាំទី អោម ឧត្តម ដែលផ្ទេរមកពីក្លិបព្រះខ័នរាជស្វាយរៀង ក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមរដូវកាលថ្មី ទាំងលីគ ពានសម្ដេចតេជោ ហ៊ុន សែន និងវគ្គជម្រុះពានរង្វាន់ AFC Cup 2021 ផងដែរ។

គួរបញ្ជាក់ថា ជារី បានមកប្រកអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ២០១២ ជាមួយក្លិបភ្នំពេញក្រោន ហើយបានចំណាយពេល ៥ឆ្នាំ ជាមួយក្រុមសិង្ហក្រហមនេះ ដោយជួយក្រុមឈ្នះពានលីគ ២សម័យ (ឆ្នាំ២០១៤-២០១៥) ។ បន្ទាប់មក ជារី បានចាកចេញនៅឆ្នាំ២០១៧ ទៅលេងនៅលីគទី២ ថៃ ជាមួយក្លិប Krabi FC ប៉ុន្ដែលេងបាន ១ជើង គេក៏ត្រឡប់មកលេងនៅកម្ពុជាវិញ ជាមួយក្លិបអគ្គិសនីកម្ពុជា។

ប៉ុន្ដែ ៣រដូវកាលចុងក្រោយនេះ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ បានទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី រួមមានលេងឲ្យក្លិប Terengganu FC ២រដូវកាល ដោយជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៥ នៅឆ្នាំ២០១៨ និងចំណាត់ថ្នាក់លេខ ៧ នៅឆ្នាំ២០១៩ ។ រីឯឆ្នាំ២០២០ នេះ ជារី បានលេងឲ្យក្លិប Perak FC ហើយបានជួយក្រុមនេះ ឈរចំណាត់ថ្នាក់លេខ៤ មុនចែកផ្លូវគ្នា ហើយត្រឡប់មកកម្ពុជាវិញពេលនេះ៕