(អាមេរិក)៖ ផលិតកម្មភាពយន្តដ៏ធំរបស់អាមេរិក «Warner Bros» របស់ក្រុមហ៊ុន AT&T បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រាល់ខ្សែភាពយន្តនៅឆ្នាំ២០២១ នឹងចាក់ផ្សាយទាំងនៅតាមរោងកុនផ្ទាល់ និងតាមប្រព័ន្ធ HBO Max Streaming ក្នុងពេលដំណាលគ្នា ដែលនេះជាវិធានការថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

ខ្សែភាពយន្តដែលគេរំពឹងថា នឹងចាក់បញ្ចាំងនោះ រួមមានរឿង «Godzilla vs Kong» និងរឿង «Mortal Kombat» ដែលនឹងផ្សាយតាមរយៈប្រព័ន្ធអនឡាញ HBO Max ក្នុងរយៈពេលមួយខែ ដែលការបញ្ចាំងនេះទៀតសោត គឺក្នុងថ្ងៃជាមួយគ្នាទៅនឹងការបញ្ចាំងតាមរោងភាពយន្ត។ នេះបើតាមការបញ្ជាក់របស់ផលិតកម្ម «Warner Bros»។

នាយកប្រតិបត្តិផលិតកម្ម «Warner Bros» បាននិយាយថា យុទ្ធសាស្ត្រនេះនឹងប្រើរយៈពេល១ឆ្នាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានបង្ខំឲ្យរោងកុននានាផ្អាកដំណើរការ៕