(ភ្នំពេញ)៖ កាន់តែជក់ចិត្តដិតអារម្មណ៍ និងលន្លង់លន្លោច ជាមួយស្នាដៃប្រកបដោយទេពកោសល្យខ្ពស់ របស់កវីនិពន្ធ និងជាអ្នកដឹកនាំរឿងចាស់វស្សា ដ៏ល្បីល្បាញក្នុងពិភពសិល្បៈ លោក សុខ ជំនោរ បានផលិតចេញនូវ MV បទ «ម្អមក្រៀម » ដែលរៀបរាប់ពីស្នេហាស្រុកស្រែដ៏កម្សត់ និងស្រងេះស្រងោច នៅក្នុងផលិតកម្ម ដាវីត្រា មេឌៀរ (Davitra Media) ដែលពុកម៉ែបងប្អូន កំពុងទទួលស្គាល់អំពីគុណភាពនៃការផលិត និងក្រុមការងារដែលពោរពេញដោយបទពិសោធន៍ និងមានវីជ្ជាជីវ:ខ្ពស់។

លោក សុខ ជំនោរ ដែលជាអ្នកគ្រប់គ្រង គម្រោងផលិតរបស់ផលិតកម្ម ដាវីត្រា មេឌៀរ បានរៀបរាប់ពីការលះបង់ពេលវេលា និងកំលាំងកាយរបស់ក្រុមការងារ ខិតខំចូលរួមយ៉ាងសកម្ម ក្នុងការផលិតនូវ MV បទ «ម្អមក្រៀម» ដែលជាស្នាដៃដំបូងរបស់លោកសម្រាប់តួនាទី ជាអ្នកដឹកនាំផលិតថ្មីនេះ។

លោកបានថ្លែងថា «ខ្ញុំបានខិតខំសម្រិតសម្រាំង តាក់តែងនូវបទនេះឡើង ដើម្បីបម្រើអារម្មណ៍របស់ពុកម៉ែបងប្អូន។ លើសពីនេះទៅទៀត ផលិតកម្ម ដាវីត្រា មេឌៀរ គឺថ្នាក់ដឹកនាំផ្តោតជាចម្បងលើគុណភាព និងផលិតបទ Oringinal ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ របស់ប្រទេសកម្ពុជាយើងឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា»។

សូមបញ្ជាក់ថា នាពេលអនាគតយ៉ាងខ្លីផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្មនៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីដើម្បីរួមគ្នាផលិតបទចម្រៀង និងថតខ្សែភាពយន្ត ក្នុងគោលដៅជួយលើកតម្កើងអភិវឌ្ឍ វិស័យសិល្បៈកម្ពុជាផងដែរ។ បទ Oringinal និង MV ថ្មីៗជាច្រើនទៀតនឹងចេញក្នុងពេលឆាប់ៗនេះ៕