(ភ្នំពេញ)៖ គ្រូបង្វឹកដំបូង ដែលជួយក្រុមបឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជា ដោយមិនស្គាល់ពាក្យចាញ់ក្នុងប្រវត្តិលើកពាន ៤ដង លោក គីម ភក្ដី បានពោលថាបើគេដើរយើងត្រូវតែរត់ នាឆ្នាំ២០២១ ដែលនឹងមានការប្រកួតប្រជែងខ្លាំង បន្ទាប់ពីក្លិបធំៗមួយចំនួន បានធ្វើការកែប្រែគួរឲ្យកត់សម្គាល់ ពិសេសការយកធនធានគ្រូបរទេសកម្រិតខ្ពស់មកដឹកនាំក្រុម ផ្ទុយពីក្រុមខ្លួនដែលប្រើប្រាស់ធនធានគ្រូក្នុងស្រុកសុទ្ធ ។

ម្ចាស់ពានគ្រូបង្វឹកល្អជាងគេប្រចាំលីគកំពូលកម្ពុជា ឆ្នាំ២០២០ បន្ដថា «យើងដឹងហើយថា នឹងមានការប្រកួតប្រជែងខ្លាំងណាស់ឆ្នាំ២០២១ ។ យើងឃើញថា ការកែប្រែក្លិបធំៗមួយចំនួន ដែលមានគ្រូល្អៗ មានគ្រូកម្រិតខ្ពស់មកពីបរទេស និងមានសញ្ញាបត្រខ្ពស់ៗ ដើម្បីចូលរួមប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ។ ចំណែកនៅក្លិបយើង យើងប្រើសុទ្ធតែធនធានគ្រូក្នុងស្រុក ដូច្នេះមានន័យថា គេដើរយើងត្រូវតែរត់»

«អញ្ចឹងទោះបីយ៉ាងណា ក៏ពួកយើងទាំងអស់គ្នា នឹងយកបទពិសោធដែលមានទាំងអស់ យកមកខំប្រឹង ទោះបីជាយើងមានកម្រិតណាក៏ដោយ ប៉ុន្ដែខ្ញុំជឿលើការចង់ចេះចង់ដឹងរបស់យើង និងធ្វើឲ្យក្រុមការងាររបស់យើង ហើយអភិវឌ្ឍន៍កីឡាករបានទៅមុខ ។ នេះជាឆន្ទៈ ដែលខ្ញុំនឹងក្រុមការងារ យើងនឹងបន្ដធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជោគជ័យរបស់ក្លិបបន្ដទៀត» ។ លោក គីម ភក្ដី បញ្ជាក់បន្ថែម ។

អតីតគ្រូបង្វឹកក្រុមឆ្លាមសមុទ្របន្ថែមថា «អ្វីដែលខ្ញុំត្រូវធ្វើឆ្នាំក្រោយ យើងត្រូវកែប្រែរបៀបលេងមួយចំនួន ដោយសារនេះជាស្ទាយលេងរបស់យើង ។ កាលឆ្នាំចាស់ យើងប្រឹងប្រែងបានល្អ ប៉ុន្ដែវាមានចំណុចខ្វះខាត ។ ចឹងឆ្នាំថ្មី យើងនឹងបន្ដឲ្យកាន់តែល្អប្រសើរ ព្រោះយើងមានការប្រកួតធំៗមួយចំនួន ដូច្នេះយើងមិនអាចលេងរបៀបដដែលៗទេ ចឹងហើយយើងត្រូវការកីឡាករឲ្យយល់ពីរបៀបលេងរបស់យើងមកជួយក្រុម»

គួរបញ្ជាក់ថា លោក គីម ភក្ដី ត្រូវបានក្លិបនាគខៀវបឹងកេត តាំងតែងជាគ្រូបង្គោលផ្លូវការ បន្ទាប់ពីលោកបានដឹកនាំក្រុមមានមូលដ្ឋាននៅបឹងស្នោរនេះ គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ និងជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្រក្លិប អមជាមួយកំណត់ត្រាមិនស្គាល់ចាញ់សោះឡើយ ពោលគឺ ១៧ប្រកួតឈ្នះ ១២ និងស្មើ ៥ប្រកួត គ្រាដែលលោកដឹកនាំរដូវកាលចាស់ ក្នុងនាមគ្រូបង្វឹកស្ដីទីប៉ុណ្ណោះ៕