(ភ្នំពេញ)៖ ពិតជាមិនធម្មតា ពេលបានដឹងពីតម្លៃខ្លួនរបស់តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ខណៈម្នាក់ៗលាន់មាត់គ្រប់ៗគ្នា ព្រោះតែតម្លៃនេះខ្ពស់ជាងតារាចម្រៀងល្បីៗជាច្រើនដួងទៀត បន្ទាប់ពីនាងទទួលបានប្រជាប្រិយភាពខ្លាំង ត្រឹមតែរយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។

ប្រភពច្បាស់ការមួយបានទម្លាយឲ្យ Fresh News Plus ដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីជប់លៀង ឬមង្គលការ នាងស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារទៅហើយ។ ចំណែកកម្មវិធី Concert គឺក៏នាងស៊ីថ្លៃ ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។

តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូល នៅក្នុងឆ្នាំ ២០២០ នេះ ដោយបទចម្រៀងរបស់នាង មានអ្នកទស្សនារហូតជាង ៤០០លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចយកឈ្នះនាងបាននៅឡើយ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសា។

តាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗ ប៉ុន្មានប៉ុណ្ណោះ ដែលហ៊ានជួលតម្លៃខាងលើ។ មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍? មូលហេតុតែមួយគត់ ដោយសារតែតម្លៃខ្លួននាងថ្លៃដូចនេះ តាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនមិនអាចមានលទ្ធភាព ជួលនាងឡើងច្រៀងបានឡើយ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃការច្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ដូចបានលើកឡើងខាងលើពិតមែន។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះ បានបន្តឲ្យដឹងថា ការកំណត់ម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។

លោក យឹម តាស្រង់ បានប្រាប់ Fresh News Plus ឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងនាងទៅច្រៀងក្នុងនោះ មានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត។ បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា Brand Ambassador របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំ ឲ្យក្រុមហ៊ុនធំមួយផងដែរ។

អ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះ បញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀងតាមកម្មវិធីដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra និង Galaxy Navatra Thailand បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចហើយ នូវតម្លៃនេះ ជាតម្លៃស្តង់ដារអន្តរជាតិមួយ ព្រោះកម្មវិធីអាពាហ៍ពិពាហ៍ ឬជប់លៀង ជាកម្មវិធីឯកជន ហេតុនេះមានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះ ទើបអាចជួលនាងទៅច្រៀងបាន៕