(ភ្នំពេញ)៖ កញ្ញា ថុល ស្រីល័ក្ខណ៍ គឺជាតារាចម្រៀង Original Song ពន្លកថ្មីមួយរូប កំពុងអង្រួនដួងចិត្តទស្សនិកជន ដែលជាអ្នកនិយមចូលចិត្តស្តាប់បទចម្រៀង ខណៈស្នាដៃដែលនាងបានបកស្រាយ តែងតែទទួលបានការគាំទ្រខ្លាំងពីមហាជន គឺបទ «ផ្ញើលុយចងដៃ ៨២,០០០រៀល» ត្រូវបានបញ្ចេញនៅក្នុងផលិតកម្ម Davitra Media។ ដោយសារតែបទនេះ មានអត្ថន័យកំសត់ បង្ហាញពីការឈឺចាប់ពីការបែកបាក់ស្នេហា រៀបការចោលសង្សារបណ្តូលចិត្ត និងមានការបញ្ចូលមនោសញ្ចេតនាស្លុងតាមចម្រៀងនោះ ធ្វើឲ្យកញ្ញា ថុល ស្រីល័ក្ខណ៍ ដែលជាអ្នកបកស្រាយ អួលដើមក ទឹកភ្លែករលីងរលោង ពេលរំឭកដល់ចម្រៀងនេះម្តងៗ។
ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ថុល ស្រីល័ក្ខណ៍ បានបង្ហាញអារម្មណ៍ថា នៅពេលដែលច្រៀងក្នុងបន្ទប់ថត ហើយដាក់អារម្មណ៍ក្នុងបទ «ផ្ញើលុយចងដៃ ៨២,០០០រៀល» នេះ គឺអួលដើមកចេញពីក្នុងចិត្តតែម្តង ដោយសារតែបញ្ចូលអារម្មណ៍ក្នុងបទចម្រៀងខ្លាំងពេក ព្រោះអត្ថន័យគឺអ្នកនិពន្ធបង្ហាញពីភាពកំសត់តែម្តង ដោយបែកបាក់ពីសង្សារចាស់ហើយ យកលុយទៅចងដៃ ពេលសង្សាររៀបការគូថ្មី។ ត្រង់ចំណុះនេះ គឺបានបង្កប់ន័យជ្រាលជ្រៅយ៉ាងខ្លាំង រវាងមនុស្សប្រុសស្រីពីរនាក់។ កាន់តែពិសេសពេលដែល ថុល ស្រីល័ក្ខណ៍ និយាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ក៏ទប់ទឹកភ្នែកមិនជាប់ទៅហើយ ពេលរំឭកដល់ចម្រៀងមួយនេះ។
រំឭកទៅដល់ការងារក្នុងនាមជាតារាចម្រៀងពន្លកថ្មី របស់កញ្ញា ថុល ស្រីល័ក្ខណ៍ ត្រូវបាននាងទម្លាយថា កន្លងមកនាងគ្រាន់តែជាតារាចម្រៀងក្នុងភោជនីយដ្ឋាន និងកម្មវិធីតូចធំនានាប៉ុណ្ណោះ ពោលគឺមិនទាន់មានផលិតកម្មជ្រកកោនឡើយ។ យ៉ាងណាមិញ ដោយសារតែសង្កេតឃើញថា ផលិតកម្មថ្មីសន្លាងមួយ គឺ Davitra Media ដែលផលិតតែចម្រៀង Original Song និងសម្បូរទៅដោយអ្នកនិពន្ធល្អៗ ទើបនាងសម្រេចចិត្តចូលក្នុងផលិតកម្មនេះតែម្តង។
ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ Davitra Media គឺជាផលិតកម្មដែលទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra Group ផលិតនូវបទដើម (Original Song) ដើម្បីចូលរួមចំណែកលើកស្ទួយ ការតាក់តែងនិពន្ឋក្នុងវិស័យសិល្បៈតន្ត្រីរបស់ប្រទេសកម្ពុជាឲ្យល្បីរន្ទឺបន្ថែមទៀត ជាពិសេសគឺដើម្បីលើកស្ទួយស្នាដៃកវីនិពន្ឋក្នុងស្រុក និងកាត់បន្ថយការចំឡងពីគេ។ ដូច្នេះក្រោយពីឈានជើងចូលផលិតកម្ម Davitra Media មានចម្រៀង Original Song របស់នាងជាបន្តបន្ទាប់ត្រូវបានបញ្ចេញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។
គួរជម្រាបថា កញ្ញា ថុល ស្រីល័ក្ខណ៍ គឺជាអតីតតារាចម្រៀងមួយរូបក្នុងភោជនីយដ្ឋាន «ឌឹដ្រាម»។ បច្ចុប្បន្ននាងជាតារាស្រី Original Song មួយរូបក្នុងផលិតកម្ម Davitra Media៕