(ឡុងដ៍)៖ ការប្រកួតប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស Premier League 2020-2021 ក្រុមខ្លាំង Tottenham Hotspur និងហង្សក្រហម Liverpool បានកំពុងប្រជែងគ្នានូវតំណែងកំពូលតារាង ក្រោយរកបាន ២៤ពិន្ទុស្មើគ្នាគិតត្រឹមសប្តាហ៍ទី១១ បណ្តោះអាសន្ន ដែលតោខៀវ Chelsea ឈរលេខរៀងទី៣ និង Leicester City ឈរលេខ៤។

Tottenham ដែលដឹកនាំដោយលោក Jose Mourinho បានយកឈ្នះក្រុម Arsenal ក្នុងលទ្ធផល ២-០ ពីការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធជួរមុខ Son Heung-min និង Harry Kane ខណៈអ្នកចាត់ការទូទៅលោក Mourinho លើកឡើង ក្រោយចប់ការប្រកួត «នេះជារដូវកាលដ៏ច្របូកច្របល់សម្រាប់ការប្រជែងពានរង្វាន់នេះ»

ចំណែកឯក្រុមការពារតំណែងជើងឯក Liverpool បានយកឈ្នះក្រុម Wolverhampton Wanderers ៤-០ ពីការធ្វើបានដោយខ្សែប្រយុទ្ធ Salah, Wijnaldum, Matip និងធ្វេសប្រហែសចូលទីខ្លួនឯងរបស់ Nelson Semedo ក្នុងការប្រកួតដែលមានក្រុមអ្នកគាំទ្របានចូលមើលការប្រកួតវិញនៃកីឡដ្ឋាន Anfield ជាង ២,០០០នាក់ ក្នុងលក្ខណ្ឌរបស់រដ្ឋាភិបាលនៃទប់ស្កាត់ការរីករាលដាលវីរុស COVID-19៕