(អាមេរិក)៖ កំពូលមហាសេដ្ឋីអាមេរិក លោក ជែហ្វ បេហ្សូស (Jeff Bezos) កាលពីសប្តាហ៍កន្លងទៅនេះ បាននិយាយថា ក្រុមហ៊ុនអវកាស Blue Origin របស់លោក នឹងនាំយកមនុស្សស្រីដំបូងគេបង្អស់ឲ្យទៅដល់លើផ្ទៃព្រះច័ន្ទ ស្របពេលទីភ្នាក់ងារអវកាសអាមេរិក NASA ជិតដល់ពេលសម្រេចចិត្តជាចុងក្រោយ ក្នុងការជ្រើសរើសយានចុះចត (Lander) ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជន ដើម្បីបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទឲ្យបាននៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

បច្ចុប្បន្នក្រុមហ៊ុន Blue Origins កំពុងដឹកនាំការអភិវឌ្ឍប្រព័ន្ធយាន Lander ហោថា Blue Moon ក្រោមការសហការជាមួយក្រុមហ៊ុនធំៗដទៃទៀត រួមមានដូចជាក្រុមហ៊ុន ឡក់ហ៉ីដម៉ាទីន (Lockheed Martin Corp), ក្រុមហ៊ុន ណស្សរ៉ូប ហ្រ្គាំមែន (Northrop Grumman Corp) និង ក្រុមហ៊ុន ដ្រេបផឺ (Draper)។

ការអភិវឌ្ឍយាន Blue Moon របស់ក្រុមហ៊ុន Blue Origins កំពុងតែប្រព្រឹត្តទៅក្រោមការប្រកួតប្រជែងជាមួយក្រុមហ៊ុន SpaceX របស់កំពូល មហាសេដ្ឋីអាមេរិកមួយរូបទៀតគឺលោក អ៉ីឡន ម៉ាស់ (Elon Musk) ព្រមទាំងក្រុមហ៊ុន ដាយណេទិចស៍ (Dynetics) ដើម្បីដណ្តើមយកកិច្ចសន្យាស្តីពីការបញ្ជូនអវកាសយានិកទៅលើផ្ទៃព្រះច័ន្ទ។

កាលពីខែមេសាកន្លងទៅ NASA បានផ្តល់កិច្ចសន្យាសម្រាប់ការអភិវឌ្ឍយាន Lander សម្រាប់ឋានព្រះច័ន្ទ ទៅកាន់ក្រុមរបស់ក្រុមហ៊ុន Blue Origin ដែលមានតម្លៃ៥៧៩លានដុល្លារ។ ចំណែក SpaceX ទទួលបាន១៣៥លានដុល្លារ ដើម្បីអភិវឌ្ឍយាន Starship ខណៈ Dynetics ទទួលបាន២៥៣លានដុល្លារ។

គួរបញ្ជាក់ថា អង្គការ NASA នឹងត្រូវជ្រើសរើសពីរក្នុងចំណោមក្រុមហ៊ុនទាំង៣ នៅអំឡុងដើមខែមីនា ឆ្នាំ២០២១ ដើម្បីបន្តការអភិវឌ្ឍយាន Lander របស់ពួកគេ សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ដោយចាប់ផ្តើមនៅឆ្នាំ២០២៤៕