(ភ្នំពេញ)៖ ខ្សែបម្រើប្រយុទ្ធស្នូលរបស់ក្លិបព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានបង្ហើបកីឡាករ ៣រូប ដែលជាដៃគូល្អលើទីលានក្នុងក្រុមជម្រើសជាតិកម្ពុជា រួមមានកីឡាករ កែវ សុខផេង, ចាន់ វឌ្ឍនាកា និង ស៊ុះ ស៊ូហាណា។ ប៉ុន្ដែបើមានឱកាសរូបគេ ចង់លេងជាមួយកីឡាករវ័យក្មេង ២រូបគឺ សៀង ចន្ធា និង ម៉ាត់ នូរុណ។
អតីតសមាជិកក្លិបម៉ាឡេស៊ី Negeri Sembilan FA រូបនេះបានបញ្ជាក់ថា «ដៃគូរបស់ខ្ញុំ ដែលសហការគ្នាបានល្អក្នុងក្រុមជម្រើសជាតិ គឺខ្ញុំចូលចិត្តលេងជាមួយ កែវ សុខផេង, ចាន់ វឌ្ឍនាកា និង សុះ ស៊ូហាណា ដែលគាត់ជាដៃគូស្គាល់គ្នាតាំងពីយូរមក។ តែបើមានឱកាសខ្ញុំចង់លេងជាមួយកីឡាករក្មេងៗដូចជា សៀង ចន្ធា និង ម៉ាត់ នូរុណ...»។
ចំពោះ សៀង ចន្ធា ទោះបីជាក្មេងខ្ចីជាងគេ តែក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda រូបគេធ្លាប់បង្ហាញខ្លួនជាមួយរាមច្បង ប្រាក់ មុន្នីឧត្តម រួចហើយ នៅឡើយតែកីឡាករ ម៉ាត់ នូរុណ ដែលមិនទាន់មានឱកាសហការជាមួយសមាជិកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ ក្នុងក្រុមជម្រើសជាតិនៅឡើយ។
យ៉ាងណាមិញគួរឲ្យសោកស្ដាយ សម្រាប់ឆ្នាំ២០២០ ដែលការប្រកួតអន្ដរជាតិផ្សេងៗត្រូវបានលុបចោល ដោយសារវិបត្ដិកូវីដ-១៩ ដ្បិតគេរំពឹងថា កីឡាករឆ្នើមៗទាំងចាស់ និងក្មេងៗ នឹងមានឱកាសបង្ហាញសមត្ថភាពរួមគ្នាក្នុងជម្រើសជាតិកម្ពុជាឆ្នាំនេះ ពិសេសកីឡាករ ម៉ាត់ នូរុណ ដែលក្រោយជាសះស្បើយពីរបួស គេបានបង្ហាញសមត្ថភាពដ៏ទាក់ទាញជាមួយបឹងកេត រហូតជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាទៀតផង៕