(មែនឆេស្ទើ)៖ លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Manchester City មិនមានជំនឿចិត្តខ្ពស់នោះទេ ចំពោះការរកបានជ័យជម្នះ ឬក៏មានប្រៀបជាងទៅលើក្រុមបិសាចក្រហម Manchester United ដែលជាការប្រជែងគ្នាប្រចាំទីក្រុងតែមួយនៅលីគកំពូលអង់គ្លេស Premier League 2020-2021។ នេះបើតាមការចេញផ្សាយដោយគេហទំព័រកីឡា Live score នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
ក្រុមដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមពានរង្វាន់ UEFA Champions League ត្រូវប៉ះក្រុមបារាំង Marseille នៅប្រកួតចុងក្រោយប្រចាំពូល C ដែលជាកត្តាមួយធ្វើឲ្យក្រុមមេឃខៀវមិនមានជំនឿចិត្តចំពោះការធ្វើដំណើរទៅប្រជែងរក ៣ពិន្ទុទល់នឹងម្ចាស់ផ្ទះ Man Utd នាចុងសប្តាហ៍នេះនៅកីឡដ្ឋាន Old Trafford។
ក្នុងនោះដែរក្រុមរបស់លោក Solskjaer ក៏កំពុងស្ថិតក្នុងស្ថានភាពការប្រទាញប្រទង់ខ្លាំងចំពោះការរកបាន ៩ពិន្ទុស្មើគ្នាជាមួយក្រុម PSG របស់បារាំងផងដែរ និងក្រុមអាល្លឺម៉ង់ RB Leipzig ប្រចាំពូល H ដោយបិសាចក្រហមប្រកួតចុងក្រោយជាមួយក្រុម Leipzig។
Man Utd បានកំពុងឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League បណ្តោះអាសន្ននាំមុខក្រុមលេខ៦ Man City ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ដោយឆ្លងកាត់ ១១សប្តាហ៍ដូចគ្នា៕