(ភ្នំពេញ)៖ ក្នុងនាមជាបុគ្គលសាធាណៈប្រាកដណាស់ថា នឹងងាយទទួលរងនូវព្យុះភ្លៀងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនថារឿងល្អ ឬអាក្រក់ឡើយ។ សម្រាប់តារាចម្រៀងស្រីល្បីឈ្មោះ បោះសំឡេងច្រើនឆ្នាំមកហើយ អ្នកនាង មាស សុខសោភា ថ្មីៗនេះរងការរិះគន់មួយខ្លាំងលើបណ្តាញសង្គម ដោយបានលើកឡើងថា នាងជាតារាល្បី មិនគួរណាវាយឫកពារច្រើន ដាក់មហាជនឡើយ។ យ៉ាងណាមិញ ទោះជាមានការពោលពាក្យបែបនេះ តែគេសង្កេតឃើញថា តារាដួងនេះហាក់គ្មានប្រតិកម្មអ្វីនោះទេ ហើយថែមទាំងអគុណដល់មហាជនទូទៅ ដែលគាំទ្រនាងតាំងពីដើម រហូតមកទល់នឹងបច្ចុប្បន្ន ។
តារាចម្រៀង មាស សុខសោភា បានលើកឡើងយ៉ាងដូច្នេះថា «នាងខ្ញុំសូមអរគុណ ទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំ និងបងប្អូនមិត្តសិល្បករទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កំលាំងចិត្ត និងស្រឡាញ់នៅអ្វីដែលនាងខ្ញុំមាន ហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំ ក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បៈ»។
នាងបន្តថា «ជាចុងក្រោយ នាងខ្ញុំសូមអរគុណ និងសូមជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នា ជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីដទាំងអស់គ្នា»។
ជាការកត់សម្គាល់ ថ្មីៗនេះមាននារីម្នាក់ បានបង្ហោះវីដេអូខ្លួនលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាព Tik Tok ដោយលើកឡើងចំៗទៅលើ មាស សុខសោភា ថា «មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលែន ឈ្លើយណាស់ ហើយឫកណាស់ រើសអើងណាស់ ចា៎ខ្ញុំស្គាល់ច្បាស់ជាងគេឈ្មោះ មាស សុខសោភា គឺមិនស្រឡំទេ...រាក់ទាក់គេ សុំគេថតជាមួយ គេឆ្លើយមកសោះអង្កើយ គេថាគេថតមិនបានទេ...»។
គួរជម្រាបថា មាស សុខសោភា ជាតារាចម្រៀងមួយដួងទៀត ដែលអ្នកគាំទ្រតែងតែចូលចិត្ត ដោយនាងមានសំឡេងធ្ងន់ដ៏ក្រអួនក្រអៅ ត្រូវនឹងបទមនោសញ្ចេតនា ហើយក៏ជាតារាមួយដួងដែលនិយមឈឺឆ្អាលនឹងរឿងសង្គម ជាពិសេសលើផ្នែកបរិស្ថាន និងព្រៃឈើ។ ទោះបីជាមាន តារាជំនាន់ក្រោយពន្លកថ្មីមកជាបន្តបន្ទាប់ក្តី តែតារាដួងនេះនៅតែរក្សារបានប្រជាប្រិយភាពដដែល ខណៈបទចម្រៀងរបស់នាងទើបតែបញ្ចេញថ្មីៗនេះ គឺសុទ្ធសឹងតែទទួលការគាំទ្រពីមហាជន៕