(អឺរ៉ុប)៖ ខណៈបណ្តាញបច្ចេកវិទ្យាសេវា 5G មិនទាន់ស្ថិតក្រោមការប្រើប្រាស់ទូលំទូលាយជំនួសបណ្តាញ 4G ផងនោះ ក្រុមសម្រាប់ធ្វើការអភិវឌ្ឍបណ្តាញ 6G កំពុងត្រូវបង្កើតឡើងរួចស្រេចបាត់ទៀតទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនទូរគមនាគមន៍ Nokia របស់ប្រទេសហ្វាំងឡង់ នឹងដឹកនាំមួយក្រុមមួយដែលរួមមានបណ្តាក្រុមហ៊ុននិងសាកលវិទ្យាល័យជាច្រើន នៅក្នុងគម្រោងហៅថា ហេចសាអ៉ិច (Hexa-X) ដែល ត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។ គោលដៅរបស់គម្រោងនេះ គឺការអភិវឌ្ឍបណ្តាញបច្ចេកវិទ្យា 6G។

គម្រោង Hexa-X ទទួលបានហិរញ្ញវត្ថុពីគណៈកម្មការអឺរ៉ុប នៅក្រោមកម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍ ហូរ៉ាយហ្សូនឆ្នាំ២០២០ (Horizon 2020) របស់សហភាពអឺរ៉ុប។ គម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាមួយរយៈពេលដែលត្រូវបានគ្រោងទុក២ឆ្នាំកន្លះ។ ក្រៅពី Hexa-X ក្រុមហ៊ុន Nokia ក៏ចូលរួមពាក់ព័ន្ធយ៉ាងសកម្មក្នុងគម្រោងស្រាវជ្រាវបច្ចេកវិទ្យា 6G ដទៃទៀតរបស់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ការអភិវឌ្ឍ 6G កំពុងចាប់ផ្តើមទៅ បើទោះបីជាបច្ចេកវិទ្យាជំនាន់មុនគឺ 5G កំពុងតែស្ថិតនៅក្រោមដំណាក់កាលដំបូងប៉ុណ្ណោះ។ មកទល់បច្ចុប្បន្ន ការផ្គត់ផ្គង់ 5G គឺមានតែនៅតាមតំបន់ខ្លះៗប៉ុណ្ណោះនៅជុំវិញសកលលោក ពោលគឺវិសាលភាពគ្របដណ្តប់នៅមានកម្រិត។ ដោយឡែកក្រៅពីអឺរ៉ុប ក៏មានកិច្ចប្រឹងប្រែងដើម្បីអភិវឌ្ឍ 6G នៅសហរដ្ឋអាមេរិកនិងចិនដែរ៕