(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ម.ក នៅថ្ងៃនេះបានប្រកាសជ្រើសរើស កញ្ញា ឡរ៉ា ម៉ម ដែលជាតារាចម្រៀង និងជានាយកប្រតិបត្តិនៃផលិតកម្ម បារាមី ជាឯកអគ្គរាជទូតសុច្ឆន្ទៈទីមួយរបស់ខ្លួន។ ការជ្រើសតាំងនេះបានធ្វើឡើងបន្ទាប់ពីការចេញនូវវីដេអូតន្រ្តីដ៏ល្បីដែលមានចំណងជើងថា “Be With You” នៅខែ វិច្ឆិកានេះដែលមានការចូលរួមពី កញ្ញា ឡរ៉ា ម៉ម, វណ្ណដា និងក្រុមប៉ូឡារិច។ វីដេអូដែលទទួលបានការចូលទស្សនាជាង ១,៥ លានដងរួចមកហើយនេះ ត្រូវបានផលិតឡើង និងចូលរួមសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍។

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា “យុវជនដែលទើបតែចាប់ផ្តើមប្រឡូកនៅក្នុងវិស័យការងារ និងបង្កើតក្រុមគ្រួសារផ្ទាល់ខ្លួន គឺជាក្រុមអតិថិជនគោលដៅដែលយើងតែងតែព្យាយាមផ្សព្វផ្សាយពត៌មានឱ្យដល់ពួកគាត់ ប៉ុន្តែវាមានភាពលំបាកបន្តិចដោយសារវិសាលភាពទូលំទូលាយនៃពត៌មានជាច្រើន រួមទាំងពត៌មានក្នុងប្រព័ន្ធឌីជីថល ដែលបាននឹងកំពុងប្រកួតប្រជែងគ្នាឆក់យកចំណាប់អារម្មណ៍របស់ពួកគាត់។

យើងខ្ញុំមានក្តីរំភើបរីករាយក្រៃលែងដែលបានចាប់ដៃគូសហការជាមួយ កញ្ញា ឡរ៉ា ម៉ម និងសិល្បករដទៃទៀតរបស់ ផលិតកម្ម បារាមី។ ពួកគេនឹងនាំមកនូវភាពច្នៃប្រឌិត ប្លែកថ្មី ដែលអនុញ្ញាតឱ្យពួកគេមានលទ្ធភាពខ្ពស់ក្នុងការ “ការដណ្ដើមចំណាប់អារម្មណ៍ក្នុងប្រព័ន្ធឌីជីថល” និងជួយជំរុញកេរ្តិ៍ឈ្មោះ ហ្វតតេ និងផ្សព្វផ្សាយផលិតផលក៏ដូចជាពត៌មានផ្សេងៗដែលយើងបាននឹងកំពុងផ្តល់ជូនទៅកាន់ទីផ្សារ។ "Be With You" គឺជាភាពជោគជ័យដ៏ធំធេងមួយ ហើយយើងជឿជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខ ពួកគេនឹងនាំយកនូវអ្វីថ្មីបន្ថែមទៀត។ "

កញ្ញា ឡរ៉ា ម៉ម បានមានប្រសាសន៍ថា “ជាទូទៅ សេវាធានារ៉ាប់រងមិនមែនជាផលិតផលដែលគេយកមកផ្សាភ្ជាប់ជាមួយនឹងសិល្បៈបែប Pop ឬយុវវ័យនោះទេ ប៉ុន្តែឋិតនៅក្នុងគ្រាដ៏លំបាកមួយនេះយើងគួរតែផ្សាភ្ជាប់នឹងសិល្បៈបែប Pop និងយុវវ័យ ពីព្រោះវាបានបង្ហាញនូវសារៈសំខាន់យ៉ាងខ្លាំងនៃការរៀបចំផែនការទុកជាមុនដើម្បីឱ្យប្រាកដថាគ្រប់ក្រុមគ្រួសារត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ នាងខ្ញុំមានការកោតសរសើរ ហ្វតតេ ជាយូរមកហើយដោយសារ ហ្វតតេ ជាក្រុមហ៊ុនមួយដែលមានភាពច្នៃប្រឌិតខ្ពស់។ នេះជាមូលហេតុដែលធ្វើឱ្យនាងខ្ញុំមានក្ដីរំភើបរីករាយក្រៃលែងដែលបានក្លាយជាឯកអគ្គរាជទូតសុច្ឆន្ទៈតំបូងគេបង្អស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍”។