(មែនឆេស្ទើ)៖ ភ្នាក់ងាររបស់ខ្សែបម្រើបារាំង Paul Pogba បានលើកឡើងថា កីឡាកររូបនេះមិនសប្យាយចិត្តក្នុងការលេងឲ្យក្រុមបិសាចក្រហម Manchester United បន្តទៀតទេ ដោយចង់ផ្លាស់ប្តូរក្រុមនៅទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

លោក Mino Raiola ដែលជាភ្នាក់ងារទីផ្សារផ្ទាល់ខ្លួនរបស់ Paul Pogba បានបញ្ជាក់ថា កិច្ចសន្យាចាស់នៅ Old Trafford របស់ Pogba នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ខណៈកីឡាករវ័យ ២៧ឆ្នាំដែលផ្ទេរមកពីក្លិបអ៉ីតាលី Juventus និងជាអតីតយុវជនរបស់ក្លិបបិសាចក្រហមបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ក្រោយពេលទើបរកបាន ១គ្រាប់ក្នុងចំណោម ៥ប្រកួតក្នុង Premier League រដូវកាលនេះ។

គួររំលឹកផងថា ខ្សែបម្រើបារាំង Paul Pogba បានវិលមកកាន់កីឡដ្ឋាន Old Trafford វិញនៅឆ្នាំ២០១៦ ពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃប្រមាណ ៨៩លានផោន ស្មើនឹង ១១៨លានដុលារ។ Pogba បង្ហាញខ្លួនបានតែ ២២ប្រកួតនារដូវកាលមុន ដែលជួបបញ្ហារបួសកជើង៕