(ក្រុងរ៉ូម)៖ អតីតកីឡាករខ្សែប្រយុទ្ធកំពូលរបស់ក្លិប Manchester City និង Liverpool, Mario Balotelli បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិប AC Monza ដែលស្ថិតក្នុងលីគ Serie B របស់ប្រទេសអ៉ីតាលីរហូតដល់ចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអ៉ីតាលី វ័យ ៣០ឆ្នាំខាងលើនេះពុំមានក្លិបលេងគិតចាប់តាំងពីចាកចេញពីក្លិប Brescia រដូវកាលមុន និងបានហ្វឹកហាត់ជាមួយក្លិប Franciacorta ដែលលេងនៅលីគ Serie D ផងដែរកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
Monza ក៏មានអតិតខ្សែបម្រើរបស់ក្លិប Tottenham Hotspur, Kevin Prince-Boateng លេងនៅទីនោះផងដែរ ដែលពួកគេបានកំពុងឈរនៅលេខរៀងទី៩ ជាបណ្តោះអាសន្នក្នុងរដូវកាលនេះទៀតផង ដែលទើបចុះកិច្ចសន្យាជាមួយ Balotelli ដែលជាអតីតនៃក្លិប Inter Milan និង AC Milan។
Mario Balotelli ដែលស៊ុតបាន ១៤គ្រាប់ ពីការចូលលេងបាន ៣៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ជាអតីតខ្សែប្រយុទ្ធជោគជ័យ ១រូបដែលធ្លាប់ឈ្នះពាន UEFA Champions League, Serie A ៣ដង ពាន Coppa Italia និង Italian Super Cup ជាមួយ Inter Milan ពីការរកបាន ២៨គ្រាប់ក្នុងចំណោមចូលលេងបាន ៨៦ប្រកួត។
លើសនេះទៀត Balotelli ក៏បានឈ្នះពាន Premier League និង FA Cup ជាមួយ Manchester City ទៀតដែរ ពីការចូលលេងបាន ៨០ប្រកួត និងរកបាន ៣០គ្រាប់៕